វិវរណៈ 6 KHSV

កូន​ចៀម​បក​ត្រា​ប្រាំ​មួយ

1 ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​បក​ត្រា​ទី​មួយ ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំ‌ពីរ​នោះ ហើយ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​មួយ​រូប ក្នុង​បណ្ដា​សត្វ​មាន​ជីវិត​ទាំង​បួន បន្លឺ​សំឡេង​ឡើង​ដូច​ផ្គរ‌លាន់​ថា: «សូម​អញ្ជើញ​មក!»។

2 ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​ស​មួយ អ្នក​ជិះ​សេះ​នោះ​កាន់​ធ្នូ។ គាត់​បាន​ទទួល​មកុដ​មួយ ហើយ​ចាក​ចេញ​ទៅ​មាន​រាង​ដូច​ជា​អ្នក​ឈ្នះ ដើម្បី​វាយ​យក​ជ័យ‌ជំនះ។

3 ពេល​កូន​ចៀម​បក​ត្រា​ទី​ពីរ ខ្ញុំ​ឮ​សូរ​សត្វ​មាន​ជីវិត​ទី​ពីរ​ពោល​ថា: «សូម​អញ្ជើញ​មក!»។

4 ស្រាប់​តែ​សេះ​មួយ​ទៀត​ចេញ​មក សម្បុរ​ក្រហម​ដូច​ភ្លើង។ អ្នក​ជិះ​សេះ​នោះ​បាន​ទទួល​អំណាច​ដក​សន្តិ‌ភាព​ចេញ​ពី​ផែន‌ដី ដើម្បី​ឲ្យ​មនុស្ស​លោក​ប្រហារ​ជីវិត​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។

5 ពេល​កូន​ចៀម​បក​ត្រា​ទី​បី ខ្ញុំ​ឮ​សូរ​សត្វ​មាន​ជីវិត​ទី​បី​ពោល​ថា: «សូម​អញ្ជើញ​មក!»។ ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​ខ្មៅ​មួយ។ អ្នក​ជិះ​សេះ​នោះ​កាន់​ជញ្ជីង​មួយ​នៅ​ដៃ

6 ហើយ​ខ្ញុំ​បាន​ឮ​ដូច​ជា​មាន​សំឡេង​មួយ ចេញ​ពី​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​ថា: «អង្ករ​មួយ​គីឡូ ថ្លៃ​មួយ​ដួង* ពោត​បី​គីឡូ​ក៏​ថ្លៃ​មួយ​ដួង​ដែរ​ រីឯ​ប្រេង និង​ស្រា​ទំពាំង‌បាយជូរ​វិញ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ»។

7 ពេល​កូន​ចៀម​បក​ត្រា​ទី​បួន ខ្ញុំ​ឮ​សូរ​សំឡេង​សត្វ​មាន​ជីវិត​ទី​បួន​ពោល​ថា: «សូម​អញ្ជើញ​មក!»។

8 ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​មួយ​សម្បុរ​ត្រួយ‌ចេក អ្នក​ជិះ​សេះ​នោះ ឈ្មោះ​មច្ចុរាជ ហើយ​ស្ថាន​មច្ចុរាជ​​ក៏​មក​ជា​មួយ​គាត់​ដែរ។ មច្ចុរាជ និង​ស្ថាន​មច្ចុរាជ បាន​ទទួល​អំណាច​លើ​មួយ​ភាគ​បួន​នៃ​ផែន‌ដី ហើយ​យក​ដាវ ទុរ្ភិក្ស ជំងឺ​អាសន្ន‌រោគ និង​សត្វ​សាហាវ​នៅ​លើ​ផែន‌ដី ឲ្យ​មក​ប្រល័យ​ជីវិត​មនុស្ស​លោក។

9 ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ​នៅ​ក្រោម​អាសនៈ ខ្ញុំ​ឃើញ​វិញ្ញាណ‌ក្ខ័ន្ធ​អស់​អ្នក​ដែល​គេ​បាន​ប្រហារ​ជីវិត ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់ និង​ព្រោះ​តែ​អ្នក​ទាំង​នោះ​បាន​ផ្ដល់​សក្ខីភាព។

10 អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថា: «ឱ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះ​ដ៏‌វិសុទ្ធ* និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ព្រះ‌អង្គ​រក​យុត្តិធម៌ និង​សង‌សឹក​ពួក​នៅ​លើ​ផែន‌ដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។

11 អ្នក​ទាំង​នោះ​បាន​ទទួល​អាវ​ស​វែង​ម្នាក់​មួយៗ ហើយ​ឮ​សំឡេង​ប្រាប់​ថា ឲ្យ​នៅ​រង់‌ចាំ​មួយ‌ភ្លែត​ទៀត​សិន ទំរាំ​ដល់​មិត្ត​រួម​ការ‌ងារ និង​បង‌ប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​ត្រូវ​គេ​សម្លាប់​ដូច​គ្នា គ្រប់​ចំនួន។

12 ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ​មួយ ខ្ញុំ​មើល​ទៅ​ឃើញ​ផែន‌ដី​រញ្ជួយ​យ៉ាង​ខ្លាំង ព្រះ‌អាទិត្យ​បែរ​ជា​ងងឹត​ដូច​ក្រណាត់​ខ្មៅ ហើយ​ព្រះ‌ច័ន្ទ​ទាំង​មូល​បែរ​ទៅ​ជា​ក្រហម​ដូច​ឈាម

13 រីឯ​ផ្កាយ​នៅ​លើ​មេឃ​ក៏​ធ្លាក់​ចុះ​មក​ដី ដូច​ផ្លែ​ល្វា​ខ្ចី​ជ្រុះ នៅ​ពេល​ខ្យល់​បក់​បោក​ដើម​វា​យ៉ាង​ខ្លាំង។

14 ផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ជា​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​ភ្នំ និង​កោះ​ទាំង​ប៉ុន្មាន ក៏​ត្រូវ​របើក​ចេញ​ពី​កន្លែង​របស់​វា​ដែរ។

15 ស្ដេច​នានា​នៅ​លើ​ផែន‌ដី ពួក​អ្នក​ធំ ពួក​មេ‌ទ័ព ពួក​អ្នក​មាន ពួក​អ្នក​ខ្លាំង​ពូកែ ពួក​អ្នក​ងារ និង​អ្នក​ជា​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ និង​តាម​ថ្ម​ភ្នំ

16 ទាំង​ពោល​ទៅ​កាន់​ភ្នំ និង​ថ្ម​ថា: ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក ចូរ​ជួយ​លាក់​យើង​ខ្ញុំ ឲ្យ​ផុត​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​កូន​ចៀម

17 ដ្បិត​ថ្ងៃ​ដ៏​អស្ចារ្យ​ជា​ថ្ងៃ​ដែល​ព្រះ‌អង្គ និង​កូន​ចៀម ទ្រង់​ព្រះ‌ពិរោធ​នោះ មក​ដល់​ហើយ គ្មាន​នរណា​អាច​រួច​ខ្លួន​បាន​ឡើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22