1 ក្រោយមកទៀត ខ្ញុំឃើញទេវតា*បួនរូបឈរនៅទិសទាំងបួននៃផែនដី។ ទេវតាទាំងនោះនាំគ្នាទប់ខ្យល់ទាំងបួនទិស កុំឲ្យបក់បោកមកលើផែនដី មកលើសមុទ្រ ឬមកលើដើមឈើណាមួយឡើយ។
2 បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបទៀតឡើងពីទិសខាងកើតមក ទាំងកាន់ត្រារបស់ព្រះដ៏មានព្រះជន្មគង់នៅផង។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងៗទៅកាន់ទេវតាទាំងបួន ដែលបានទទួលអំណាចធ្វើទុក្ខទោសផែនដី និងសមុទ្រថា៖
3 «សូមកុំអាលធ្វើទុក្ខទោសផែនដី សមុទ្រ ឬដើមឈើណាឡើយ ចាំយើងបោះត្រាសម្គាល់លើថ្ងាសពួកអ្នកបម្រើរបស់ព្រះជាម្ចាស់នៃយើងហើយសិន»។
4 ពេលនោះ ខ្ញុំក៏ឮថាអស់អ្នកដែលត្រូវគេបោះត្រាសម្គាល់ មានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល គឺ
5 មានត្រាសម្គាល់មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយូដា មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធរូបេន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធកាដ
6 មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអេស៊ើរ មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធណែបថាលី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធម៉ាណាសេ
7 មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ