វិវរណៈ 8:1-7 KHSV

1 ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ‌ពីរ ស្រាប់​តែ​មេឃ​ស្ងប់​អស់​រយៈ​ពេល​ប្រមាណ​ជា​កន្លះ​ម៉ោង

2 ខ្ញុំ​ក៏​បាន​ឃើញ​ទេវតា*​ប្រាំ‌ពីរ​រូប​ដែល​ឈរ​នៅ​ខាង​មុខ​ព្រះ‌ជា‌ម្ចាស់ ទទួល​ត្រែ​ប្រាំ‌ពីរ។

3 មាន​ទេវតា*​មួយ​រូប​ទៀត​មក​ឈរ​នៅ​ជិត​អាសនៈ* ទាំង​កាន់​ពាន​មាស​មួយ​ផង។ ទេវតា​នោះ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន​យក​ទៅ​ថ្វាយ ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនៈ​មាស​ដែល​ស្ថិត​នៅ​ខាង​មុខ​បល្ល័ង្ក។

4 ផ្សែង​គ្រឿង​ក្រអូប​នោះ​ក៏​ហុយ​ចេញ​ពី​ដៃ​ទេវតា ឡើង​ទៅ​លើ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជា‌ជន​ដ៏‌វិសុទ្ធ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជាម្ចាស់។

5 ទេវតា​បាន​យក​ពាន ហើយ​យក​ភ្លើង​ពី​អាសនៈ មក​ដាក់​ពេញ​ពាន​នោះ រួច​ចាក់​ទៅ​លើ​ផែន‌ដី ស្រាប់​តែ​មាន​ផ្គរ‌លាន់ មាន​សំឡេង មាន​ផ្លេក​បន្ទោរ ព្រម​ទាំង​មាន​រញ្ជួយ​ផែន‌ដី​ផង។

6 ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ត្រែ​ទាំង​ប្រាំ‌ពីរ​នោះ ប្រុង​ប្រៀប​ផ្លុំ។

7 ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង លាយ​ជា​មួយ​ឈាម ធ្លាក់​មក​លើ​ផែន‌ដី ផែន‌ដី​ក៏​ឆេះ​អស់​មួយ​ភាគ​បី ដើម​ឈើ​ក៏​ឆេះ​អស់​មួយ​ភាគ​បី ហើយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ក៏​ឆេះ​អស់​ដែរ។