វិវរណៈ 8:4-10 KHSV

4 ផ្សែង​គ្រឿង​ក្រអូប​នោះ​ក៏​ហុយ​ចេញ​ពី​ដៃ​ទេវតា ឡើង​ទៅ​លើ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជា‌ជន​ដ៏‌វិសុទ្ធ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជាម្ចាស់។

5 ទេវតា​បាន​យក​ពាន ហើយ​យក​ភ្លើង​ពី​អាសនៈ មក​ដាក់​ពេញ​ពាន​នោះ រួច​ចាក់​ទៅ​លើ​ផែន‌ដី ស្រាប់​តែ​មាន​ផ្គរ‌លាន់ មាន​សំឡេង មាន​ផ្លេក​បន្ទោរ ព្រម​ទាំង​មាន​រញ្ជួយ​ផែន‌ដី​ផង។

6 ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ត្រែ​ទាំង​ប្រាំ‌ពីរ​នោះ ប្រុង​ប្រៀប​ផ្លុំ។

7 ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង លាយ​ជា​មួយ​ឈាម ធ្លាក់​មក​លើ​ផែន‌ដី ផែន‌ដី​ក៏​ឆេះ​អស់​មួយ​ភាគ​បី ដើម​ឈើ​ក៏​ឆេះ​អស់​មួយ​ភាគ​បី ហើយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ក៏​ឆេះ​អស់​ដែរ។

8 ទេវតា​ទី​ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ដូច​ជា​ភ្នំ​មួយ​យ៉ាង​ធំ​ដែល​កំពុង​តែ​ឆេះ ធ្លាក់​ទៅ​ក្នុង​សមុទ្រ ទឹក​សមុទ្រ​មួយ​ភាគ​បី​ក៏​ក្លាយ​ទៅ​ជា​ឈាម

9 សត្វ​ទាំង‌ឡាយ​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​សមុទ្រ ត្រូវ​ស្លាប់​អស់​មួយ​ភាគ​បី ហើយ​នាវា​ក៏​ត្រូវ​វិនាស​បង់​អស់​មួយ​ភាគ​បី​ដែរ។

10 ទេវតា​ទី​បី​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ ដែល​កំពុង​តែ​ឆេះ​ដូច​ចន្លុះ ធ្លាក់​ពី​លើ​មេឃ​មក។ ផ្កាយ​នោះ​ធ្លាក់​មក​ក្នុង​ទន្លេ​ទាំង‌ឡាយ​អស់​មួយ​ភាគ​បី ហើយ​ក៏​ធ្លាក់​មក​លើ​ប្រភព​ទឹក​នានា​ដែរ។