វិវរណៈ 9:17-21 KHSV

17 ក្នុង​និមិត្ត​ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ មាន​សេះ និង​ពល​ទាហាន​ដែល​ជិះ​ពី​លើ​វា ពាក់​អាវ‌ក្រោះ​ពណ៌​ក្រហម​ដូច​ភ្លើង ពណ៌​បៃតង​ខ្ចី និង​ពណ៌​លឿង​ដូច​ស្ពាន់ធ័រ។ រីឯ​ក្បាល​សេះ​វិញ មាន​រាង​ដូច​ជា​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​វា​មក​ផង។

18 មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់ ដោយ‌សារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ស្លាប់​ដោយ​ភ្លើង ដោយ​ផ្សែង និង​ដោយ​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​សេះ

19 ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ​ស្ថិត​នៅ​លើ​មាត់ និង​កន្ទុយ។ កន្ទុយ​របស់​វា​ប្រៀប​បាន​ទៅ​នឹង​ពស់ គឺ​មាន​ក្បាល ហើយ​វា​ធ្វើ​ឲ្យ​មនុស្ស​វេទនា ដោយ‌សារ​តែ​ក្បាល​ហ្នឹង​ឯង។

20 រីឯ​មនុស្ស​ឯ​ទៀតៗ ដែល​មិន​បាន​ស្លាប់​ដោយ​គ្រោះ​កាច​ទាំង​នោះ ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឈប់​ប្រព្រឹត្ត​អំពើ​របស់​ខ្លួន​ទេ គឺ​គេ​ពុំ​ព្រម​ឈប់​ថ្វាយ‌បង្គំ​អារក្ស ថ្វាយ‌បង្គំ​រូប​សំណាក​របស់​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​លង្ហិន ពី​ថ្ម និង​ធ្វើ​ពី​ឈើ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​ក៏​មិន​ចេះ​ដើរ​នោះ​ឡើយ។

21 គេ​ក៏​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឈប់​ប្រព្រឹត្ត​អំពើ​ឃាត‌កម្ម វិជ្ជា​ធ្មប់ អំពើ​ប្រាស‌ចាក​សីលធម៌ និង​អំពើ​លួច​ប្លន់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ដែរ។