កិច្ចការ 1:13-19 KCB

13 ពេល​ចូល​ដល់​ក្នុង​ក្រុង​ហើយ​ ពួកគេ​ក៏​ឡើង​ទៅ​បន្ទប់​ជាន់​លើ​ ជា​កន្លែង​ដែល​ពួកគេ​ស្នាក់នៅ។​ ពួកគេ​ទាំងនោះ​មាន​លោក​ពេត្រុស​ លោក​យ៉ូហាន​ លោក​យ៉ាកុប​ លោក​អនទ្រេ​ លោក​ភីលីព​ លោក​ថូម៉ាស​ លោក​បារថូឡូមេ​ លោក​ម៉ាថាយ​ លោក​យ៉ាកុប​ ត្រូវ​ជា​កូន​របស់​លោក​អាល់ផាយ​ លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម​ និង​លោក​យូដាស​ត្រូវ​ជា​កូន​របស់​លោក​យ៉ាកុប។​

14 ពួក​អ្នក​ទាំងអស់​នេះ​ព្រមព្រៀង​គ្នា​បន្ដ​អធិស្ឋាន​ជាមួយ​នាង​ម៉ារា​ត្រូវ​ជា​ម្ដាយ​របស់​ព្រះយេស៊ូ​ និង​ប្អូនៗ​របស់​ព្រះអង្គ​ ព្រម​ទាំង​ស្ដ្រី​ឯ​ទៀតៗ​ដែរ។​

15 នៅ​គ្រា​នោះ​ លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បងប្អូន​ (ដែល​មាន​គ្នា​ចំនួន​ប្រហែល​ជា​មួយរយ​ម្ភៃ​នាក់​នៅ​ទីនោះ)​ ហើយ​និយាយ​ថា៖

16 «បងប្អូន​អើយ!​ បទគម្ពីរ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ទុក​តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌ​អំពី​យូដាស​ ដែល​ត្រលប់​ជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះយេស៊ូ​នោះ​ត្រូវតែ​បាន​សម្រេច។​

17 ព្រោះ​គាត់​ក៏​ត្រូវ​បាន​រាប់​ជា​គ្នា​យើង​ ហើយ​បាន​ទទួល​ចំណែក​នៅ​ក្នុង​កិច្ចការ​នេះ​ដែរ។​

18 បន្ទាប់មក​ អ្នក​នេះ​បាន​យក​ប្រាក់​រង្វាន់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ​ទិញ​ដី​ស្រែ​មួយ​កន្លែង​ ហើយ​ក៏​ដួល​ផ្កាប់​មុខ​ ធ្លាយ​ពោះ​ ចេញ​ពោះវៀន​មក​ក្រៅ​ទាំងអស់​

19 ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​បាន​ដឹង​រឿង​នេះ​គ្រប់​គ្នា​ ដូច្នេះ​ពួកគេ​ក៏​ហៅ​ដី​នោះ​ជា​ភាសា​របស់​ពួកគេ​ផ្ទាល់​ថា​ អាកិលដាម៉ា​ ដែល​មាន​ន័យ​ថា​ «ស្រែ​ឈាម»។​