កិច្ចការ 10:19-25 KCB

19 ពេល​លោក​ពេត្រុស​កំពុង​គិត​អំពី​សុបិន​និមិត្ដ​ នោះ​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​គាត់​ថា‍៖​ «មើល៍​ មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក​

20 ដូច្នេះ​ ចូរ​ក្រោក​ឡើង​ ចុះ​ទៅ​ក្រោម​ ហើយ​ទៅ​ជាមួយ​ពួកគេ​ចុះ​ កុំ​រារែក​ឡើយ​ ព្រោះ​យើង​បាន​ចាត់​ពួកគេ​ឲ្យ​មក»។​

21 លោក​ពេត្រុស​ក៏​ចុះ​មក​ជួប​អ្នក​ទាំង​នោះ​ ហើយ​ប្រាប់​ពួកគេ​ថា៖​ «មើល៍​ ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់គ្នា​កំពុង​ស្វែងរក​ តើ​អ្នក​រាល់គ្នា​មក​នេះ​មាន​ការ​អ្វី?»​

22 ពួកគេ​ឆ្លើយ​ថា៖​ «លោក​កូនេលាស​ជា​នាយ​ទាហាន​ ជា​មនុស្ស​សុចរិត​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ គាត់​បាន​ទទួល​ការ​បើកសំដែង​ពី​ទេវតា​បរិសុទ្ធ​ឲ្យ​មក​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​ព្រះបន្ទូល​ពី​លោក»។​

23 ពេល​នោះ​ លោក​ពេត្រុស​ក៏​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ក្នុង​ផ្ទះ​ និង​បាន​ឲ្យ​ពួកគេ​សម្រាក។​ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ជាមួយ​ពួកគេ​ ទាំង​មាន​បងប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉េ​ រួម​ដំណើរ​ទៅ​ជាមួយ​ដែរ‍។​

24 នៅ​ថ្ងៃ​បន្ទាប់​ ពួកគេ​ក៏​ចូល​មក​ដល់​ក្រុង​សេសារា។​ រីឯ​លោក​កូនេលាស​វិញ​ បាន​រង់ចាំ​ពួកគេ​ដោយ​បាន​ហៅ​សាច់ញាតិ​ និង​មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​មក​ជួបជុំ​គ្នា​រួច​ជា​ស្រេច។​

25 ពេល​លោក​ពេត្រុស​មក​ដល់​ លោក​កូនេលាស​ក៏​ចេញ​មក​ទទួល​ ទាំង​ក្រាប​ថ្វាយបង្គំ​នៅ​ទៀប​ជើង​របស់​គាត់។​