កិច្ចការ 10:8-14 KCB

8 ក្រោយ​ពី​បាន​ប្រាប់​ពួកគេ​អំពី​ហេតុការណ៍​ទាំងឡាយ​រួច​ហើយ​ គាត់​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ។​

9 នៅ​ថ្ងៃ​បន្ទាប់​ នៅ​ពេល​អ្នក​ទាំង​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​នោះ​ លោក​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ដើម្បី​អធិស្ឋាន​ នៅ​ម៉ោង​ប្រហែល​ដប់ពីរ​ថ្ងៃ​ត្រង់។​

10 គាត់​ក៏​ឃ្លាន​ ហើយ​ចង់​បរិភោគ​ណាស់​ ប៉ុន្ដែ​ពេល​ពួកគេ​កំពុង​រៀបចំ​អាហារ​ គាត់​ក៏​លង់​នៅ​ក្នុង​សុបិន​និមិត្ដ​

11 ឃើញ​មេឃ​បើក​ចំហ​ មាន​វត្ថុ​ម្យ៉ាង​ដូចជា​កម្រាល​មួយ​ផ្ទាំង​យ៉ាង​ធំ​ដែល​ត្រូវ​បាន​ចង​ជាយ​ជ្រុង​ទាំង​បួន​សម្រូត​ចុះ​មក​ដល់​ដី។​

12 នៅ​ក្នុង​កម្រាល​នោះ​ មាន​សត្វ​ជើង​បួន​ សត្វ​លូនវារ​នៅ​លើ​ផែនដី​ និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។​

13 ពេល​នោះ​ មាន​សំឡេង​មួយ​និយាយ​មក​គាត់​ថា៖​ «ពេត្រុស​អើយ!​ ចូរ​ក្រោក​ឡើង​ ហើយ​សម្លាប់​យក​ទៅ​បរិភោគ​ចុះ!»​

14 ប៉ុន្ដែ​ លោក​ពេត្រុស​ឆ្លើយ​ថា៖​ «ទេ​ ព្រះអម្ចាស់​អើយ!​ ដ្បិត​ខ្ញុំ​មិន​ដែល​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ ឬ​មិន​ស្អាត​ឡើយ»​