កិច្ចការ 11:22-28 KCB

22 ដំណឹង​អំពី​អ្នក​ទាំង​នោះ​បាន​ឮ​ដល់​ត្រចៀក​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម​ ដូច្នេះ​ពួកគេ​ក៏​ចាត់​លោក​បារណាបាស​ឲ្យ​ចេញ​ទៅ​ក្រុង​អាន់ទីយ៉ូក។​

23 ពេល​លោក​បារណាបាស​មក​ដល់​ ហើយ​បាន​ឃើញ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ គាត់​ក៏​ត្រេកអរ​ ព្រមទាំង​លើក​ទឹក​ចិត្ត​ពួកគេ​គ្រប់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​នៅ​ជាប់​ជាមួយ​ព្រះអម្ចាស់​ជានិច្ច​

24 ហើយ​ដោយ​ព្រោះតែ​លោក​បារណាបាស​ជា​មនុស្ស​ល្អ​ និង​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​ជំនឿ​ ដូច្នេះ​បណ្ដាជន​មួយ​ចំនួន​ធំ​បាន​ចូល​មក​ឯ​ព្រះអម្ចាស់​បន្ថែម​ទៀត។​

25 បន្ទាប់មក​ លោក​បារណាបាស​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​តើសុស​ដើម្បី​រក​លោក​សុល។​

26 ពេល​ឃើញ​លោក​សុល​ហើយ​ គាត់​ក៏​នាំ​មក​ក្រុង​អាន់ទីយ៉ូក​ ហើយ​អ្នក​ទាំង​ពីរ​បាន​ជួបជុំ​ជាមួយ​ក្រុម​ជំនុំ​ពេញ​មួយ​ឆ្នាំ​ និង​បាន​បង្រៀន​ដល់​មនុស្ស​ជាច្រើន។​ នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​នេះ​ហើយ​ ដែល​គេ​ហៅ​ពួក​សិស្ស​ជា​លើក​ដំបូង​ថា​ គ្រិស្ដ​បរិស័ទ។​

27 នៅ​គ្រា​នោះ​ មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ខ្លះ​បាន​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡិម​មក​ក្រុង​អាន់ទីយ៉ូក។​

28 ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ម្នាក់​ឈ្មោះ​អ័ក្កាបុស​បាន​ក្រោក​ឡើង​ ហើយ​ប្រកាស​ដោយ​ព្រះវិញ្ញាណ​ថា​ នឹង​មាន​អំណត់​មួយ​យ៉ាង​ធំ​កើត​នៅ​លើ​ផែនដី​ទាំង​មូល​ គ្រោះ​អត់​ឃ្លាន​នេះ​ក៏​កើតឡើង​មែន​ក្នុង​រាជ្យ​របស់​ព្រះចៅ​ក្លូឌាស។​