កិច្ចការ 12:16-22 KCB

16 រីឯ​លោក​ពេត្រុស​នៅតែ​បន្ដ​គោះ​ទ្វារ​ ដូច្នេះ​ពួកគេ​ក៏​បើក​ទ្វារ​ ហើយ​កាល​បាន​ឃើញ​គាត់​ ពួកគេ​ងឿងឆ្ងល់​ណាស់។​

17 ក្រោយពី​បាន​ធ្វើ​សញ្ញា​ដៃ​ឲ្យ​ពួកគេ​នៅ​ស្ងៀម​រួច​ហើយ​ គាត់​ក៏​រៀបរាប់​ប្រាប់​ពួកគេ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ ហើយ​គាត់​បាន​ប្រាប់​ទៀត​ថា៖​ «សូម​យក​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​យ៉ាកុប​ និង​ពួក​បងប្អូន​ឲ្យ​ដឹង​ផង»។​ បន្ទាប់មក​គាត់​ក៏​ចាកចេញ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។​

18 លុះ​ភ្លឺ​ឡើង​ មាន​ការ​ជ្រួល​ច្របល់​ជា​ខ្លាំង​នៅ​ក្នុង​ចំណោម​ពួក​ទាហាន​អំពី​ការ​បាត់​ខ្លួន​របស់​លោក​ពេត្រុស​

19 កាល​ស្ដេច​ហេរ៉ូឌ​តាម​រក​លោក​ពេត្រុស​មិន​ឃើញ​ ស្ដេច​ក៏​សួរ​ចម្លើយ​ពួក​អ្នកយាម​ រួច​បញ្ជា​ឲ្យ​គេ​យក​ពួក​អ្នកយាម​ទៅ​សម្លាប់​ចោល​ បន្ទាប់មក​ ស្ដេច​ក៏​ចាកចេញ​ពី​ស្រុក​យូដា​ទៅ​ក្រុង​សេសារា​ ហើយ​ស្នាក់នៅ​ទី​នោះ។​

20 នៅ​គ្រា​នោះ​ ស្ដេច​ហេរ៉ូឌ​ខឹង​នឹង​ប្រជាជន​ក្រុង​ទីរ៉ុស​ និង​ប្រជាជន​ក្រុង​ស៊ីដូន​យ៉ាង​ខ្លាំង​ ដូច្នេះ​ អ្នក​ទាំង​នោះ​បាន​ព្រមព្រៀង​គ្នា​មក​ជួប​ស្ដេច​ ក្រោយ​ពី​បាន​បញ្ចុះបញ្ចូល​លោក​ប្លាសតុស​ជា​មន្ដ្រី​រក្សា​ដំណាក់​ស្ដេច​រួច​មក។​ ពួកគេ​បាន​សុំ​ឲ្យ​មាន​សន្ដិភាព​ ពីព្រោះ​ស្រុក​របស់​ពួកគេ​ទទួល​ស្បៀង​អាហារ​ពី​ស្រុក​របស់​ស្ដេច។​

21 កាល​ដល់​ថ្ងៃ​កំណត់​ហើយ​ ស្ដេច​ហេរ៉ូឌ​ក៏​ស្លៀក​សម្លៀក​បំពាក់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក​ ហើយ​ប្រកាស​ទៅ​ពួកគេ​

22 ពេល​នោះ​បណ្ដាជន​ក៏​ស្រែក​ឡើង​ថា៖​ «នេះ​ជា​សំឡេង​របស់​ព្រះជាម្ចាស់​ មិន​មែន​មនុស្ស​ឡើយ!»​