38 ដូច្នេះ បងប្អូនអើយ! សូមយល់អំពីសេចក្ដីនេះថា តាមរយៈព្រះយេស៊ូ ការលើកលែងទោសបាបត្រូវបានប្រកាសប្រាប់អ្នករាល់គ្នា
39 ហើយដោយសារព្រះអង្គ អស់អ្នកដែលជឿក៏បានរាប់ជាសុចរិតពីគ្រប់ការទាំងអស់ ដែលតាមគម្ពីរវិន័យរបស់លោកម៉ូសេអ្នករាល់គ្នាមិនអាចត្រូវរាប់ជាសុចរិតបានឡើយ។
40 ដូច្នេះចូរប្រយ័ត្នកុំឲ្យសេចក្ដីដែលបានថ្លែងទុកតាមរយៈពួកអ្នកនាំព្រះបន្ទូលកើតមានដល់អ្នករាល់គ្នាឡើយ គឺថា
41 ឱពួកអ្នកមើលងាយអើយ! ចូរវិនាស ទាំងងឿងឆ្ងល់ចុះ ដ្បិតយើងកំពុងធ្វើការមួយនៅក្នុងជំនាន់អ្នករាល់គ្នា ជាការដែលអ្នករាល់គ្នាមិនជឿឡើយ ទោះបីមានអ្នកណាប្រកាសប្រាប់អ្នករាល់គ្នាក៏ដោយ»។
42 កាលលោកប៉ូល និងលោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអង្វរពួកគាត់ឲ្យនិយាយអំពីសេចក្ដីទាំងនេះប្រាប់ពួកគេនៅថ្ងៃសប្ប័ទក្រោយទៀត។
43 នៅពេលដែលគេរំសាយការជួបប្រជុំ នោះមានពួកជនជាតិយូដា និងពួកអ្នកចូលសាសនាយូដាជាច្រើនដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ បានដើរតាមលោកប៉ូល និងលោកបារណាបាស អ្នកទាំងពីរបាននិយាយដាស់តឿនពួកគេឲ្យនៅខ្ជាប់ខ្ជួនក្នុងព្រះគុណរបស់ព្រះជាម្ចាស់។
44 លុះដល់ថ្ងៃសប្ប័ទក្រោយ អ្នកក្រុងស្ទើរតែទាំងអស់បានមកជួបជុំគ្នា ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់