កិច្ចការ 14:1-7 KCB

1 នៅ​ក្រុង​អ៊ីកូនាម​ ពួក​គាត់​នាំ​គ្នា​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​ ហើយ​និយាយ​ដូច​មុន​ ធ្វើ​ឲ្យ​មនុស្ស​ច្រើន​កុះករ​ជឿ​ មាន​ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​

2 ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​ដែល​មិន​ព្រម​ជឿ​បាន​ញុះញង់​ពួក​សាសន៍​ដទៃ​ឲ្យ​មាន​គំនិត​អាក្រក់​នឹង​ពួក​បងប្អូន។​

3 ទោះជា​យ៉ាងណា​ក្ដី​ ពួកគាត់​បាន​ស្នាក់នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ ទាំង​ប្រកាស​យ៉ាង​ក្លាហាន​ដោយ​ពឹង​អាង​លើ​ព្រះអម្ចាស់​ ដែល​បាន​បញ្ជាក់​អំពី​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ ដោយ​ប្រទាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​ផ្សេងៗ​ឲ្យ​កើតឡើង​តាមរយៈ​ដៃ​របស់​ពួកគាត់។​

4 ដូច្នេះ​ហើយ​ បណ្ដាជន​នៅ​ក្រុង​នោះ​បាន​បែកបាក់​គ្នា​ អ្នក​ខ្លះ​នៅ​ខាង​ជនជាតិ​យូដា​ អ្នក​ខ្លះ​ទៀត​នៅ​ខាង​ពួក​សាវក។​

5 កាល​ពួក​ជនជាតិ​យូដា​ និង​ពួក​សាសន៍​ដទៃ​ ព្រមទាំង​ពួក​មេ​ដឹកនាំ​របស់​ពួកគេ​ឃុបឃិត​គ្នា​ចង់​ធ្វើ​បាប​ និង​គប់​ពួកគាត់​នឹង​ដុំ​ថ្ម​

6 ពេល​ពួកគាត់​ដឹង​ ក៏​ភៀសខ្លួន​ទៅ​ក្រុង​ដទៃ​ទៀត​ក្នុង​ស្រុក​លូកៅនា​ ដូចជា​ក្រុង​លីស្ត្រា​ ក្រុង​ឌើបេ​ និង​តំបន់​ជុំវិញ​

7 ហើយ​ពួក​គាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ទី​នោះ។​