កិច្ចការ 16:16-22 KCB

16 ក្រោយមក​ ពេល​យើង​កំពុង​ចេញ​ទៅ​កន្លែង​អធិស្ឋាន​ មាន​ក្មេង​ស្រី​បម្រើ​ម្នាក់​ដែល​មាន​វិញ្ញាណ​អារក្ស​ចេះ​ទាយ​ បាន​មក​ឯ​យើង។​ នាង​រក​កម្រៃ​ឲ្យ​ពួក​ម្ចាស់​នាង​បាន​ច្រើន​ណាស់​ ដោយសារ​ការ​ទាយ​នេះ។​

17 នាង​បាន​តាម​យើង​ និង​លោក​ប៉ូល​ ទាំង​ស្រែក​ថា៖​ «អ្នក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ដែល​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ»។​

18 នាង​បាន​ធ្វើ​ដូច្នេះ​ជាច្រើន​ថ្ងៃ​ ធ្វើ​ឲ្យ​លោក​ប៉ូល​ធុញ​ទ្រាន់​ជា​ខ្លាំង​ ក៏​បែរ​ទៅ​បង្គាប់​វិញ្ញាណ​អាក្រក់​នោះ​ថា៖​ «យើង​បង្គាប់​ឯង​នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ចូរ​ចេញ​ពី​នាង​ទៅ!»​ ពេល​នោះ​ វា​ក៏​ចេញ​ពី​នាង​ភ្លាម​

19 ហើយ​ពេល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា​ គ្មាន​សង្ឃឹម​រក​កម្រៃ​បាន​ទៀត​ ពួកគេ​ក៏​ចាប់​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ពួក​អាជ្ញាធរ​ក្នុង​ទី​ប្រជុំជន‍។​

20 កាល​នាំ​ពួកគាត់​ទៅ​ជួប​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​ហើយ​ ពួកគេ​ក៏​ប្រាប់​ថា៖​ «អ្នក​ទាំង​នេះ​ជា​ជនជាតិ​យូដា​ ហើយ​ពួកគេ​កំពុង​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​របស់​យើង​

21 គឺ​ពួកគេ​កំពុង​ប្រកាស​អំពី​ទំនៀម​ទម្លាប់​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​យើង​ជា​ជនជាតិ​រ៉ូម​ទទួល​យក​ ឬ​ធ្វើ​តាម​ឡើយ»​

22 ដូច្នេះ​បណ្ដាជន​ក៏​លើក​គ្នា​ទាស់​នឹង​ពួកគាត់​ ហើយ​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​កន្ដ្រាក់​ហែក​សម្លៀក​បំពាក់​ពួកគាត់​ រួច​បញ្ជា​ឲ្យ​វាយ​ពួកគាត់​នឹង​រំពាត់​