កិច្ចការ 17:21-27 KCB

21 នៅ​សម័យ​នោះ​ អ្នក​ក្រុង​អាថែន​ និង​ពួក​ជន​បរទេស​ទាំងឡាយ​ដែល​រស់នៅ​ក្រុង​នោះ​ មិន​បាន​ចំណាយ​ពេល​ធ្វើ​កិច្ចការ​អ្វី​ក្រៅពី​និទាន​រឿង​ ឬ​ស្ដាប់​រឿង​ថ្មីៗ​ឡើយ។​

22 ដូច្នេះ​ លោក​ប៉ូល​ក៏​ក្រោក​ឈរ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ ហើយ​និយាយ​ថា៖​ «‍ឱ​បងប្អូន​ជា​អ្នក​ក្រុង​អាថែន​អើយ!​ ខ្ញុំ​សង្កេត​ឃើញ​ថា​ អ្នក​រាល់គ្នា​ជឿ​ស៊ប់​លើ​របស់​សព្វ​សារពើ​

23 ដ្បិត​ពេល​ខ្ញុំ​ដើរ​កាត់​ ហើយ​សង្កេត​មើល​គ្រឿង​សក្ការ​បូជា​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​ឃើញ​កន្លែង​សក្ការ​មួយ​ ដែល​មាន​ចារឹក​អក្សរ​ថា​ ព្រះ​ដែល​មិន​ស្គាល់។​ ដូច្នេះ​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​អំពី​ព្រះ​ដែល​អ្នក​រាល់គ្នា​កំពុង​ថ្វាយបង្គំ​ដោយ​មិន​ស្គាល់​នេះ​

24 ព្រះជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក​ និង​របស់​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​ ព្រះអង្គ​ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌​ និង​ផែនដី​ ព្រះអង្គ​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​សង់​ដោយ​ដៃ​របស់​មនុស្ស​ឡើយ​

25 ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវការ​ដៃ​របស់​មនុស្ស​ឲ្យ​បម្រើ​ព្រះអង្គ​ ហាក់បី​ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​មួយ​នោះ​ដែរ​ ព្រោះ​ព្រះអង្គ​ទេ​តើ​ ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ មាន​ដង្ហើម​ និង​មាន​របស់​សព្វ​សារពើ​

26 ព្រះអង្គ​បាន​បង្កើត​ជនជាតិ​ទាំងឡាយ​ឲ្យ​រស់នៅ​ពាសពេញ​លើ​ផែនដី​នេះ​ចេញ​មក​ពី​មនុស្ស​ម្នាក់​ ហើយ​ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ពំ្រដែន​ឲ្យ​ពួកគេ​រស់នៅ​

27 ដើម្បី​ឲ្យ​ពួកគេ​ស្វែងរក​ព្រះជាម្ចាស់​ ហើយ​បើ​ពួកគេ​ស្វែងរក​ព្រះអង្គ​មែន​ នោះ​ពួកគេ​មុខជា​រក​ព្រះអង្គ​ឃើញ​មិន​ខាន​ ពីព្រោះ​តាម​ពិត​ព្រះជាម្ចាស់​គង់​នៅ​មិន​ឆ្ងាយ​ពី​យើង​រាល់គ្នា​ឡើយ​