កិច្ចការ 17:25-31 KCB

25 ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវការ​ដៃ​របស់​មនុស្ស​ឲ្យ​បម្រើ​ព្រះអង្គ​ ហាក់បី​ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​មួយ​នោះ​ដែរ​ ព្រោះ​ព្រះអង្គ​ទេ​តើ​ ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ មាន​ដង្ហើម​ និង​មាន​របស់​សព្វ​សារពើ​

26 ព្រះអង្គ​បាន​បង្កើត​ជនជាតិ​ទាំងឡាយ​ឲ្យ​រស់នៅ​ពាសពេញ​លើ​ផែនដី​នេះ​ចេញ​មក​ពី​មនុស្ស​ម្នាក់​ ហើយ​ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ពំ្រដែន​ឲ្យ​ពួកគេ​រស់នៅ​

27 ដើម្បី​ឲ្យ​ពួកគេ​ស្វែងរក​ព្រះជាម្ចាស់​ ហើយ​បើ​ពួកគេ​ស្វែងរក​ព្រះអង្គ​មែន​ នោះ​ពួកគេ​មុខជា​រក​ព្រះអង្គ​ឃើញ​មិន​ខាន​ ពីព្រោះ​តាម​ពិត​ព្រះជាម្ចាស់​គង់​នៅ​មិន​ឆ្ងាយ​ពី​យើង​រាល់គ្នា​ឡើយ​

28 ហើយ​យើង​រស់នៅ​ មាន​ចលនា​ និង​មាន​ជីវិត​ជា​មនុស្ស​ដោយសារ​ព្រះអង្គ​ ដូច​ដែល​កវី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មួយ​ចំនួន​បាន​និយាយ​ដែរ​ថា​ ដ្បិត​យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ។​

29 ដូច្នេះ​ បើ​យើង​ជា​ពូជ​របស់​ព្រះជាម្ចាស់​មែន​ យើង​មិន​ត្រូវ​គិត​ថា​ ព្រះអង្គ​មាន​សណ្ឋាន​ដូចជា​រូប​សំណាក​ធ្វើ​ពី​មាស​ ប្រាក់​ ឬ​ថ្ម​ តាម​ជំនាញ​ និង​គំនិត​របស់​មនុស្ស​ឡើយ​

30 ដ្បិត​ពី​មុន​ព្រះជាម្ចាស់​បាន​ទត​រំលង​គ្រា​ដែល​មនុស្ស​ល្ងង់ខ្លៅ​មែន​ ប៉ុន្ដែ​ឥឡូវ​នេះ​ ព្រះអង្គ​បង្គាប់​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រែចិត្ត​

31 ព្រោះ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ ដែល​ព្រះអង្គ​នឹង​ជំនុំ​ជម្រះ​ពិភព​លោក​ដោយ​យុត្ដិធម៌​តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង​ ហើយ​ព្រះជាម្ចាស់​បាន​ប្រទាន​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់​ ដោយ​ប្រោស​មនុស្ស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»​