កិច្ចការ 17:27-33 KCB

27 ដើម្បី​ឲ្យ​ពួកគេ​ស្វែងរក​ព្រះជាម្ចាស់​ ហើយ​បើ​ពួកគេ​ស្វែងរក​ព្រះអង្គ​មែន​ នោះ​ពួកគេ​មុខជា​រក​ព្រះអង្គ​ឃើញ​មិន​ខាន​ ពីព្រោះ​តាម​ពិត​ព្រះជាម្ចាស់​គង់​នៅ​មិន​ឆ្ងាយ​ពី​យើង​រាល់គ្នា​ឡើយ​

28 ហើយ​យើង​រស់នៅ​ មាន​ចលនា​ និង​មាន​ជីវិត​ជា​មនុស្ស​ដោយសារ​ព្រះអង្គ​ ដូច​ដែល​កវី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មួយ​ចំនួន​បាន​និយាយ​ដែរ​ថា​ ដ្បិត​យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ។​

29 ដូច្នេះ​ បើ​យើង​ជា​ពូជ​របស់​ព្រះជាម្ចាស់​មែន​ យើង​មិន​ត្រូវ​គិត​ថា​ ព្រះអង្គ​មាន​សណ្ឋាន​ដូចជា​រូប​សំណាក​ធ្វើ​ពី​មាស​ ប្រាក់​ ឬ​ថ្ម​ តាម​ជំនាញ​ និង​គំនិត​របស់​មនុស្ស​ឡើយ​

30 ដ្បិត​ពី​មុន​ព្រះជាម្ចាស់​បាន​ទត​រំលង​គ្រា​ដែល​មនុស្ស​ល្ងង់ខ្លៅ​មែន​ ប៉ុន្ដែ​ឥឡូវ​នេះ​ ព្រះអង្គ​បង្គាប់​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រែចិត្ត​

31 ព្រោះ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ ដែល​ព្រះអង្គ​នឹង​ជំនុំ​ជម្រះ​ពិភព​លោក​ដោយ​យុត្ដិធម៌​តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង​ ហើយ​ព្រះជាម្ចាស់​បាន​ប្រទាន​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់​ ដោយ​ប្រោស​មនុស្ស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»​

32 នៅពេល​ពួកគេ​ឮ​អំពី​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ អ្នក​ខ្លះ​ក៏​ចំអក​ឲ្យ​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «យើង​ចង់​ស្ដាប់​អ្នក​និយាយ​អំពី​រឿង​នេះ​ម្ដង​ទៀត»។​

33 ដូច្នេះ​ហើយ​ លោក​ប៉ូល​ក៏​ចាកចេញ​ពី​ចំណោម​ពួកគេ​ទៅ​