កិច្ចការ 19:17-23 KCB

17 រឿង​នេះ​បាន​លេច​ឮ​ដល់​មនុស្ស​ទាំង​អស់​ ដែល​រស់នៅ​ក្នុង​ក្រុង​អេភេសូរ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​ផង​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​ក៏​មាន​ចិត្ត​កោតខ្លាច​ ទាំង​លើក​តម្កើង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូ​

18 មាន​អ្នក​ជឿ​ជា​ច្រើន​បាន​ចូល​មក​ទទួល​សារភាព​ និង​លាត​ត្រដាង​ពី​អំពើ​ទាំងឡាយ​របស់​ខ្លួន​

19 ហើយ​ក៏​មាន​ពួក​អ្នក​ធ្វើ​មន្ដ​អាគម​ជាច្រើន​ បាន​ប្រមូល​ក្បួន​តម្រា​របស់​ពួកគេ​មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​គ្នា។​ តម្លៃ​ក្បួន​តម្រា​ទាំង​នោះ​គិត​ជា​ប្រាក់​មាន​តម្លៃ​សរុប​ប្រាំម៉ឺន​កាក់​ប្រាក់​

20 ដូច្នេះ​ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ក៏​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ និង​យ៉ាង​មាន​អំណាច។​

21 ក្រោយ​ហេតុការណ៍​ទាំង​នេះ​ ព្រះវិញ្ញាណ​បាន​នាំ​ឲ្យ​លោក​ប៉ូល​សម្រេចចិត្ដ​ទៅ​ក្រុង​យេរូសាឡិម​ ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃ។​ គាត់​បាន​និយាយ​ថា៖​ «ក្រោយ​ពេល​ខ្ញុំ​ទៅ​ដល់​ទី​នោះ​ហើយ​ ខ្ញុំ​ត្រូវ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»​

22 រួច​គាត់​ក៏​ចាត់​អ្នក​ជំនួយ​ការ​របស់​គាត់​ពីរ​នាក់​ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន​ គឺ​លោក​ធីម៉ូថេ​ និង​លោក​អេរ៉ាស្ទុស​ រីឯ​គាត់​បាន​ស្នាក់នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​

23 ហើយ​នៅ​គ្រា​នោះ​ កើតមាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​ដែល​ទាក់ទង​នឹង​មាគ៌ា​នេះ​