33 ជនជាតិយូដាបានរុញលោកអ័លេក្សានត្រុសចេញពីបណ្ដាជន ហើយនាំទៅខាងមុខ។ លោកអ័លេក្សានត្រុសក៏លើកដៃជាសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានឹងបណ្ដាជន
34 ប៉ុន្ដែពេលដឹងថា លោកអ័លេក្សានត្រុសជាជនជាតិយូដា ពួកគេបានស្រែកព្រមគ្នាអស់រយៈពេលប្រហែលពីរម៉ោងថា៖ «ព្រះនាងឌីអានរបស់អ្នកក្រុងអេភេសូរដ៏ឧត្ដុង្គឧត្ដម!»
35 ក្រោយពីលេខាធិការក្រុងបានឲ្យបណ្ដាជននៅស្ងៀមស្ងាត់ គាត់ក៏និយាយថា៖ «បងប្អូនអ្នកក្រុងអេភេសូរអើយ! តើមានអ្នកណាមិនដឹងថា អ្នកក្រុងអេភេសូរជាអ្នកថ្វាយបង្គំព្រះនាងឌីអានដ៏ឧត្ដុង្គឧត្ដម និងរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ!
36 ដូច្នេះ គ្មានអ្នកណាអាចប្រកែកនឹងសេចក្ដីទាំងនេះបានទេ បងប្អូនត្រូវនៅស្ងៀមស្ងាត់ ហើយឈប់ធ្វើអ្វីច្រឡោតទៀតទៅ
37 ដ្បិតពួកអ្នកទាំងនេះដែលបងប្អូនបាននាំមក មិនមែនជាចោរប្លន់ព្រះវិហារ ហើយក៏មិនបានប្រមាថព្រះរបស់យើងដែរ
38 ប៉ុន្ដែបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានបណ្ដឹងនឹងនរណាម្នាក់ នោះសាលាក្ដីមានស្រាប់ ហើយអស់លោកអភិបាលក៏មានដែរ ចូរឲ្យគេប្ដឹងគ្នាចុះ
39 ប៉ុន្ដែបើបងប្អូនចង់បានអ្វីលើសនេះ នោះត្រូវដោះស្រាយនៅក្នុងអង្គប្រជុំតាមច្បាប់