កិច្ចការ 19:8-14 KCB

8 បន្ទាប់មក​ គាត់​ក៏​ចូល​ទៅ​និយាយ​នៅ​ក្នុង​សាលា​ប្រជុំ​យ៉ាង​ក្លាហាន​អស់​រយៈ​ពេល​បី​ខែ​ ទាំង​ជជែក​វែកញែក​ និង​ពន្យល់​គ្រប់​បែប​យ៉ាង​អំពី​នគរ​ព្រះជាម្ចាស់​

9 ប៉ុន្ដែ​នៅ​ពេល​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ដ​រឹងរូស​ និង​មិន​ព្រម​ជឿ​ ទាំង​និយាយ​បង្អាប់​មាគ៌ា​នោះ​នៅ​មុខ​បណ្ដាជន​ គាត់​ក៏​ចាកចេញ​ពី​ពួកគេ​ នាំ​យក​ពួក​សិស្ស​ទៅ​ផង​ ហើយ​បង្រៀន​ពួកគេ​ក្នុង​សាលា​របស់​លោក​ទីរ៉ានុស​ជា​រៀង​រាល់​ថ្ងៃ។​

10 គាត់​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ ដូច្នេះ​ហើយ​បាន​ជា​អស់​អ្នក​ដែល​រស់នៅ​ស្រុក​អាស៊ី​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​

11 ហើយ​ព្រះជាម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​ប្លែកៗ​ តាម​រយៈ​ដៃ​របស់​លោក​ប៉ូល​

12 សូម្បី​តែ​កន្សែងដៃ​ ឬ​ក្រមា​ដែល​យក​ចេញ​ពី​ខ្លួន​របស់​គាត់​ទៅ​គ្រប​លើ​ពួក​អ្នកជំងឺ​ នោះ​ពួកគេ​ក៏​បាន​ជា​ពី​ជំងឺ​ ហើយ​ពួក​វិញ្ញាណ​អាក្រក់​ក៏​ចេញ​ដែរ​

13 ដូច្នេះ​ ក៏​មាន​គ្រូ​មន្ដ​អាគម​ជនជាតិ​យូដា​ខ្លះ​ ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​ព្យាយាម​ប្រើ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ បង្គាប់​លើ​ពួក​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ ដោយ​និយាយ​ថា៖​ «យើង​បង្គាប់​ឯង​ដោយ​នូវ​ព្រះ​យេស៊ូ​ ដែល​លោក​ប៉ូល​ប្រកាស»​

14 ហើយ​កូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​របស់​សម្ដេច​សង្ឃ​ជនជាតិ​យូដា​ឈ្មោះ​ស្កេវ៉ា​ ក៏​ធ្វើ​ដូច្នោះ​ដែរ​