កិច្ចការ 2:27-33 KCB

27 ដ្បិត​ព្រះអង្គ​មិន​បោះបង់​ព្រលឹង​របស់​ខ្ញុំ​ឲ្យ​នៅ​ក្នុង​ស្ថាន​នរក​ឡើយ​ ហើយ​ក៏​មិន​បណ្ដោយ​ឲ្យ​អ្នក​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ។​

28 ព្រះអង្គ​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ជីវិត​ ហើយ​បំពេញ​ខ្ញុំ​ដោយ​សេចក្ដី​អំណរ​នៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះអង្គ។​

29 បងប្អូន​អើយ!​ ទាក់​ទង​នឹង​ស្ដេច​ដាវីឌ​ដែល​ជា​បុព្វបុរស​របស់​យើង​ ខ្ញុំ​អាច​និយាយ​ដោយ​ច្បាស់​លាស់​ទៅ​បងប្អូន​ថា​ ស្ដេច​ដាវីឌ​បាន​ស្លាប់​ ហើយ​គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​ រីឯ​ផ្នូរ​របស់​ស្ដេច​វិញ​ នៅ​ជាមួយ​យើង​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។​

30 ដោយ​ព្រោះ​ស្ដេច​ដាវីឌ​ជា​អ្នក​នាំ​ព្រះបន្ទូល​ ព្រមទាំង​ដឹង​ថា​ ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ស្ដេច​ដោយ​ស្បថ​ថា​ នឹង​ឲ្យ​ពូជពង្ស​ខាង​សាច់ឈាម​ម្នាក់​របស់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក​របស់​ស្ដេច​

31 ដោយ​ស្ដេច​ដាវីឌ​ដឹង​ជាមុន​ដូច្នេះ​ បានជា​ថ្លែង​អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រិស្ដ​ថា​ ព្រះជាម្ចាស់​មិន​ទុក​ព្រះអង្គ​ចោល​ឲ្យ​នៅក្នុង​ស្ថាន​នរក​ឡើយ​ ឬ​ឲ្យ​រូបកាយ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ​

32 គឺ​ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ហើយ​យើង​ទាំងអស់​គ្នា​ជា​បន្ទាល់​អំពី​ការ​នេះ។​

33 ដូច្នេះ​ក្រោយពី​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ព្រះយេស៊ូ​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ ហើយ​ក្រោយពី​បាន​ទទួល​សេចក្ដី​សន្យា​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ពី​ព្រះវរបិតា​រួច​ ព្រះអង្គ​ក៏​ចាក់​ព្រះវិញ្ញាណ​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ និង​បាន​ឮ​នេះ​ស្រាប់​ហើយ។​