កិច្ចការ 21:20-26 KCB

20 ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ហើយ​និយាយ​ទៅ​គាត់​ថា៖​ «បង​អើយ!​ បង​ឃើញ​ស្រាប់​ហើយ‍​ថា​ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​បាន​ជឿ​ និង​មាន​ការ​ប្ដូរផ្ដាច់​តាម​គម្ពីរ​វិន័យ​ទាំង​អស់​គ្នា​

21 ប៉ុន្ដែ​ ពួកគេ​បាន‍​ឮ​ដំណឹង​អំពី​បង​ថា​ បង​បាន​បង្រៀន​ជនជាតិ​យូដា​ទាំង​អស់​ដែល​រស់នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ឲ្យ​បោះបង់​សេចក្ដី​បង្រៀន​របស់​លោក​ម៉ូសេ​ គឺ​បង​ប្រាប់​ពួកគេ​មិន​ឲ្យ​កាត់ស្បែក​កូនចៅ​ ឬ​កាន់​តាម​ទំនៀម​ទម្លាប់​ឡើយ​

22 បើ​ដូច្នេះ​មែន​ តើ​ធ្វើ​ដូចម្ដេច​ទៅ?​ ដ្បិត​ពួកគេ​មុខជា​ឮ​ថា​បង​បាន​មក​ដល់​ទី​នេះ​ហើយ​

23 ដូច្នេះ​ សូម​ធ្វើ​តាម​ដែល​យើង​ប្រាប់​បង​ចុះ​ ដ្បិត​យើង​មាន​មនុស្ស​បួន​នាក់​កំពុង​ជាប់​បំណន់​

24 គឺ​សូម​បង​នាំ​អ្នក​ទាំង​នេះ​ទៅ​ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ជាមួយ​ពួកគេ​ ព្រមទាំង​ចេញ​ប្រាក់​ឲ្យ​ពួកគេ​កោរ​សក់​ផង​ ដើម្បី​ឲ្យ​គ្រប់​គ្នា​ដឹង​ថា​ សេចក្ដី​ដែល​ពួកគេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ​ គឺ​បង​បាន​រស់នៅ​ដោយ​កាន់​តាម​គម្ពីរ​វិន័យ​វិញ​

25 រីឯ​សាសន៍​ដទៃ​ទាំងឡាយ​ដែល​បាន​ជឿ​នោះ​ យើង​បាន​សរសេរ​សេចក្ដី​សម្រេច​របស់​យើង​ផ្ញើ​ទៅ​ពួកគេ​រួច​ហើយ​ គឺ​ឲ្យ​ពួកគេ​ចៀសវាង​ការ​បរិភោគ​សំណែន​ដល់​រូបព្រះ​ ឈាម​ សាច់​សត្វ​ដែល​គេ​ច្របាច់​ក​ និង​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ»។​

26 ពេល​នោះ​លោក​ប៉ូល​ក៏​នាំ​អ្នក​ទាំង​នោះ​ទៅ​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ធ្វើ​ពិធី​ជម្រះកាយ​ជាមួយ​ពួកគេ​ រួច​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​ ដើម្បី​បញ្ជាក់​អំពី​ថ្ងៃ​នៃ​ការ​បញ្ចប់​ពិធី​ជម្រះកាយ​ និង​តង្វាយ​ដែល​ពួកគេ​ម្នាក់ៗ‍​ត្រូវ​ថ្វាយ​