កិច្ចការ 23:10-16 KCB

10 ពេល​មាន​ទំនាស់​កាន់តែ​ខ្លាំង​ មេបញ្ជាការ​ក៏​បញ្ជា​ទាហាន​ឲ្យ​ចុះ​ទៅ​ដណ្ដើម​យក​លោក​ប៉ូល​ពី​កណ្ដាល​ចំណោម​ពួកគេ​ នាំ​ទៅ​ក្នុង​បន្ទាយ​វិញ​ ដោយ​ខ្លាច​ក្រែង​ពួកគេ​ហែក​គាត់​ជា​ចម្រៀក។​

11 នៅ​យប់​បន្ទាប់​ ព្រះអម្ចាស់​បាន​ឈរ​ក្បែរ​គាត់​ ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​មាន​ទឹកចិត្ត​ឡើង​ ដ្បិត​អ្នក​បាន​ធ្វើ​បន្ទាល់​អំពី​យើង​នៅ​ក្រុង​យេរូសាឡិម​យ៉ាង​ណា​ អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម​យ៉ាង​នោះ​ដែរ»។​

12 លុះ​ដល់​ព្រឹក​ឡើង​ ពួក​ជនជាតិ​យូដា​បាន​ឃុបឃិត​គ្នា​ ទាំង​ស្បថ​ជាមួយ​គ្នា​ថា​ ពួកគេ​មិន​បរិភោគ​ និង​មិន​ផឹក​ជា​ដាច់​ខាត​ទាល់​តែ​សម្លាប់​លោក​ប៉ូល​បាន​

13 ហើយ​ពួក​អ្នក​មាន​ផែនការ​អាក្រក់​នេះ​ មាន​គ្នា​ច្រើន​ជាង​សែសិប​នាក់​

14 គឺ​ពួកគេ​បាន​ចូល​ទៅ​ប្រាប់​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ថា៖​ «យើង​បាន​ជាប់​សម្បថ​ជាមួយ​គ្នា​ហើយ​ថា​ យើង​មិន​បរិភោគ​ជា​ដាច់​ខាត​ទាល់​តែ​សម្លាប់​ប៉ូល​បាន​

15 ដូច្នេះ​ ឥឡូវ​នេះ​ សូម​អស់​លោក​ជាមួយ​ក្រុម​ប្រឹក្សា​កំពូល​ ប្រាប់​មេបញ្ជាការ​នោះ​ឲ្យ​នាំ​វា​ចុះ​មក​ជួប​អស់​លោក​ ហាក់​ដូចជា​អស់​លោក​ចង់​សាកសួរ​អំពី​រឿង​ក្ដី​របស់​វា​ ឲ្យ​បាន​ច្បាស់​ថែម​ទៀត​ រីឯ​យើង​ត្រៀមខ្លួន​សម្លាប់​វា​មុន​វា​មក​ដល់»​

16 ប៉ុន្ដែ​ ពេល​ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន‍​ឮ​អំពី​ការ​ពួន​ស្ទាក់​នេះ​ គាត់​ក៏​ទៅ​ក្នុង​បន្ទាយ​ ហើយ​រាយការណ៍​ប្រាប់​លោក​ប៉ូល។​