កិច្ចការ 23:12-18 KCB

12 លុះ​ដល់​ព្រឹក​ឡើង​ ពួក​ជនជាតិ​យូដា​បាន​ឃុបឃិត​គ្នា​ ទាំង​ស្បថ​ជាមួយ​គ្នា​ថា​ ពួកគេ​មិន​បរិភោគ​ និង​មិន​ផឹក​ជា​ដាច់​ខាត​ទាល់​តែ​សម្លាប់​លោក​ប៉ូល​បាន​

13 ហើយ​ពួក​អ្នក​មាន​ផែនការ​អាក្រក់​នេះ​ មាន​គ្នា​ច្រើន​ជាង​សែសិប​នាក់​

14 គឺ​ពួកគេ​បាន​ចូល​ទៅ​ប្រាប់​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ថា៖​ «យើង​បាន​ជាប់​សម្បថ​ជាមួយ​គ្នា​ហើយ​ថា​ យើង​មិន​បរិភោគ​ជា​ដាច់​ខាត​ទាល់​តែ​សម្លាប់​ប៉ូល​បាន​

15 ដូច្នេះ​ ឥឡូវ​នេះ​ សូម​អស់​លោក​ជាមួយ​ក្រុម​ប្រឹក្សា​កំពូល​ ប្រាប់​មេបញ្ជាការ​នោះ​ឲ្យ​នាំ​វា​ចុះ​មក​ជួប​អស់​លោក​ ហាក់​ដូចជា​អស់​លោក​ចង់​សាកសួរ​អំពី​រឿង​ក្ដី​របស់​វា​ ឲ្យ​បាន​ច្បាស់​ថែម​ទៀត​ រីឯ​យើង​ត្រៀមខ្លួន​សម្លាប់​វា​មុន​វា​មក​ដល់»​

16 ប៉ុន្ដែ​ ពេល​ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន‍​ឮ​អំពី​ការ​ពួន​ស្ទាក់​នេះ​ គាត់​ក៏​ទៅ​ក្នុង​បន្ទាយ​ ហើយ​រាយការណ៍​ប្រាប់​លោក​ប៉ូល។​

17 ពេល​នោះ​ លោក​ប៉ូល​ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មក​ប្រាប់​ថា៖​ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេបញ្ជាការ​ផង​ ដ្បិត​គាត់​មាន​ដំណឹង​រាយការណ៍​ប្រាប់​លោក»​

18 ដូច្នេះ​ នាយ​ទាហាន​ក៏​នាំ​យក​យុវជន​នោះ​ទៅ​ជួប​មេបញ្ជាការ​ ហើយ​ប្រាប់​ថា៖​ «អ្នក​ទោស​ឈ្មោះ​ប៉ូល​បាន​ហៅ​ខ្ញុំ​ ហើយ​សុំ​ឲ្យ​នាំ​យុវជន​នេះ​មក​ជួប​លោក​ ព្រោះ​គាត់​មាន​ដំណឹង​ប្រាប់​លោក»។​