កិច្ចការ 27:5-11 KCB

5 ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​លំហ​សមុទ្រ​តាម​បណ្ដោយ​ឆ្នេរ​ស្រុក​គីលីគា​ និង​ស្រុក​ប៉ាមភីលា​ យើង​ក៏​មក​ដល់​ក្រុង​មីរ៉ា​ក្នុង​ស្រុក​លូគា។​

6 នៅ​ទី​នោះ​ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេក្សានទ្រា​ ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អ៊ីតាលី​ ដូច្នេះ​គាត់​ក៏​នាំ​យើង​ចុះ​ក្នុង​សំពៅ​នោះ។​

7 ពេល​ធ្វើ​ដំណើរ​សន្សឹមៗ​យ៉ាង​ពិបាក​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​ យើង​ក៏​មក​ដល់​តាម​បណ្ដោយ​ឆ្នេរ​ក្រុង​គ្នីដូស​ ដោយ​ខ្យល់​មិន​អនុគ្រោះ​ឲ្យ​យើង​ទៅ​មុខ​ទៀត​ យើង​ក៏​ជិះ​សរសៀរ​តាម​កោះ​ក្រេត​ដោយ​ឆ្លង​កាត់​ជ្រោយ​សាលម៉ូន។​

8 បន្ទាប់ពី​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​នោះ​យ៉ាង​ពិបាក​មក​ យើង​ក៏​មក​ដល់​កន្លែង​មួយ​ឈ្មោះ​ កំពង់ផែ​លំអ​ នៅ​ជិត​ក្រុង​ឡាសេ។​

9 កាល​បាន​កន្លង​ផុត​ទៅ​ជា​ច្រើន​ថ្ងៃ​ ហើយ​ការ​ធ្វើ​ដំណើរ​តាម​សំពៅ​ក៏​លែង​មាន​សុវត្ថិភាព​ដែរ​ ព្រោះ​ថ្ងៃ​បុណ្យ​តម​អាហារ​បាន​កន្លង​ផុត​ហើយ​ ដូច្នេះ​លោក​ប៉ូល​ក៏​ដាស់តឿន​

10 ពួកគេ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​យល់​ឃើញ​ថា​ ការ​ធ្វើ​ដំណើរ​តាម​សំពៅ​នឹង​មាន​អន្ដរាយ​ ព្រមទាំង​មាន​ការ​ខាត​បង់​ច្រើន​ គឺ​មិន​ត្រឹមតែ​សំពៅ​ និង​ទំនិញ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ជីវិត​របស់​យើង​ទៀត​ផង»​

11 ប៉ុន្ដែ​លោក​នាយ​ទាហាន​ជឿ​អ្នក​បើក​សំពៅ​ និង​ម្ចាស់​សំពៅ​ច្រើន​ជាង​ពាក្យ​សំដី​ដែល​លោក​ប៉ូល​និយាយ។​