កិច្ចការ 4:16-22 KCB

16 «តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ចំពោះ​មនុស្ស​ទាំង​នេះ?​ ដ្បិត​តាមរយៈ​អ្នក​ទាំង​នេះ​ ទីសំគាល់​ជាក់​ស្ដែង​បាន​កើតឡើង​ចំពោះ​មនុស្ស​ទាំង​អស់​ ដែល​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​យើង​ក៏​មិន​អាច​ប្រកែក​បាន‍​ដែរ។​

17 ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ដំណឹង​នេះ​លេច​ឮ​ដល់​ប្រជាជន​តទៅ​ទៀត​ យើង​ត្រូវ​គំរាម​ពួកគេ​កុំ​ឲ្យ​និយាយ​ប្រាប់​អ្នកណា​ទៀត​ដោយ​នូវ​ឈ្មោះ​នេះ»។​

18 បន្ទាប់មក​ ពួកគេ​ក៏​ហៅ​គាត់​ទាំង​ពីរ​នាក់​នោះ​ចូល​មក​វិញ​ ហើយ​បាន​បង្គាប់​មិន​ឲ្យ​និយាយ​ ឬ​បង្រៀន​ដោយ​នូវ​ឈ្មោះ​ព្រះយេស៊ូ​នេះ​ជា​ដាច់​ខាត​

19 ប៉ុន្ដែ​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ពួក​លោក​ពិចារណា​មើល​ចុះ​ តើ​ជា​ការ​ត្រឹមត្រូវ​នៅ​ចំពោះ​ព្រះជាម្ចាស់​ដែរ​ឬ​ទេ​ ដែល​ឲ្យ​យើង​ស្ដាប់​តាម​ពួក​លោក​ជាជាង​ស្ដាប់​តាម​ព្រះជាម្ចាស់​នោះ​

20 ដ្បិត​យើង​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​ និង​បាន​ឮ​នោះ​ទេ»។​

21 ក្រោយពី​បាន​គំរាម​អ្នក​ទាំង​ពីរ​នោះ​ថែម​ទៀត​មក​ ពួកគេ​ក៏​ដោះលែង​ពួក​គាត់​ឲ្យ​ទៅ​ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​គាត់​មិន​បាន​ ព្រោះ​ប្រជាជន​ ដ្បិត​ប្រជាជន​ទាំង​អស់​កំពុង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​

22 រីឯ​បុរស​ដែល​បាន​ទទួល​ការ​អស្ចារ្យ​នៃ​ការ​ប្រោស​ឲ្យ​ជា​នេះ​ គាត់​មាន​អាយុ​សែសិប​ឆ្នាំ​ជាង។​