កិច្ចការ 4:31-37 KCB

31 ពេល​ពួកគេ​បាន​អធិស្ឋាន​រួច​ហើយ​ កន្លែង​ដែល​ពួកគេ​កំពុង​ជួប​ប្រជុំ​គ្នា​នោះ​ក៏​ញ័រ​រញ្ជួយ​ រីឯ​ពួកគេ​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា​ ហើយ​ចាប់ផ្ដើម​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដោយ​ក្លាហាន។​

32 ពេលនោះ​ អស់​អ្នក​ដែល​បាន​ជឿ​មាន​ចិត្ដ​គំនិត​តែ​មួយ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​និយាយ​ថា​ ទ្រព្យ​សម្បត្ដិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ឡើយ​ គឺ​អ្វីៗ​ទាំងអស់​របស់​ពួកគេ​ជា​របស់​រួម។​

33 ពួក​សាវក​បាន​ធ្វើ​ទីបន្ទាល់​យ៉ាង​មាន​អំណាច​អស្ចារ្យ​ អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់​យេស៊ូ​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​ ក៏​ទទួល​បាន​ព្រះគុណ​ដ៏​លើស​លុប។​

34 នៅ​ក្នុង​ចំណោម​ពួកគេ​ គ្មាន​អ្នកណា​ម្នាក់​ខ្វះខាត​ឡើយ​ ដ្បិត​អស់​អ្នក​ដែល​មាន​ដី​ ឬ​មាន​ផ្ទះ​ គេ​បាន​លក់​ ហើយ​យក​ប្រាក់​ដែល​បាន​ពី​ការ​លក់​របស់​ទាំង​នោះ​

35 មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក​ ហើយ​គេ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា​តាម​ដែល​ម្នាក់ៗ​ត្រូវការ។​

36 រីឯ​លោក​យ៉ូសែប​ដែល​ពួក​សាវក​ហៅ​ថា​ បារណាបាស​ ប្រែ​ថា​ «កូន​នៃ​សេចក្ដី​លើក​ទឹកចិត្ដ»​ ជា​ពួក​លេវី​ កើត​នៅ​កោះ​គីប្រុស​

37 គាត់​មាន​ដី​មួយ​កន្លែង​ ហើយ​បាន​លក់​យក​ប្រាក់​មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក។​