កិច្ចការ 4:33-37 KCB

33 ពួក​សាវក​បាន​ធ្វើ​ទីបន្ទាល់​យ៉ាង​មាន​អំណាច​អស្ចារ្យ​ អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់​យេស៊ូ​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​ ក៏​ទទួល​បាន​ព្រះគុណ​ដ៏​លើស​លុប។​

34 នៅ​ក្នុង​ចំណោម​ពួកគេ​ គ្មាន​អ្នកណា​ម្នាក់​ខ្វះខាត​ឡើយ​ ដ្បិត​អស់​អ្នក​ដែល​មាន​ដី​ ឬ​មាន​ផ្ទះ​ គេ​បាន​លក់​ ហើយ​យក​ប្រាក់​ដែល​បាន​ពី​ការ​លក់​របស់​ទាំង​នោះ​

35 មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក​ ហើយ​គេ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា​តាម​ដែល​ម្នាក់ៗ​ត្រូវការ។​

36 រីឯ​លោក​យ៉ូសែប​ដែល​ពួក​សាវក​ហៅ​ថា​ បារណាបាស​ ប្រែ​ថា​ «កូន​នៃ​សេចក្ដី​លើក​ទឹកចិត្ដ»​ ជា​ពួក​លេវី​ កើត​នៅ​កោះ​គីប្រុស​

37 គាត់​មាន​ដី​មួយ​កន្លែង​ ហើយ​បាន​លក់​យក​ប្រាក់​មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក។​