កិច្ចការ 5:14-20 KCB

14 ហើយ​អស់​អ្នក​ដែល​បាន​ជឿ​ព្រះអម្ចាស់​ ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​

15 ដូច្នេះ​ហើយ​បាន​ជា​មាន​គេ​សែង​ពួក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ​ ហើយ​ផ្ដេក​អ្នក​ជំងឺ​ទាំង​នោះ​នៅ​លើ​គ្រែ​ស្នែង​ និង​កន្ទេល​ ដើម្បី​ពេល​លោក​ពេត្រុស​ដើរ​កាត់​ យ៉ាង​ហោច​ណាស់​ក៏​ស្រមោល​របស់​គាត់​បាំង​លើ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​

16 ហើយ​មនុស្ស​ជាច្រើន​ដែល​នៅ​ក្នុង​ក្រុង​ទាំងឡាយ​ជុំវិញ​ក្រុងយេរូសាឡិម​បាន​នាំ​គ្នា​មក​ដែរ​ ដោយ​នាំ​យក​ពួក​អ្នក​ជំងឺ​ និង​អស់​អ្នក​ដែល​ត្រូវ​ពួក​វិញ្ញាណ​អាក្រក់​ធ្វើ​ទុក្ខ​មក​ជាមួយ​ ហើយ​អ្នក​ទាំង​នោះ​ក៏​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។​

17 រីឯ​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ ដែល​ជា​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​រួម​គ្នា​ប្រឆាំង​ ព្រោះ​ពួកគេ​ពេញ​ដោយ​សេចក្ដី​ច្រណែន​

18 ពួកគេ​បាន​ចាប់​ពួក​សាវក​ ហើយ​យក​ទៅ​ឃុំ​ទុក​នៅ​ក្នុង​គុក​សាធារណៈ។​

19 ប៉ុន្ដែ​នៅពេល​យប់​ ទេវតា​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក​ ហើយ​នាំ​ពួកគេ​ចេញ​ ទាំង​និយាយ​ថា៖​

20 «ចូរ​ទៅ​ ហើយ​ឈរ​ប្រកាស​ប្រាប់​ប្រជាជន​នៅ​ក្នុង​ព្រះ​វិហារ​អំពី​អស់​ទាំង​ព្រះបន្ទូល​នៃ​ជីវិត​នេះ​ចុះ»។​