កិច្ចការ 5:26-32 KCB

26 ដូច្នេះ​ ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​ឆ្មាំ​ព្រះ​វិហារ​ បាន​ចេញ​ទៅ​នាំ​ពួក​សាវក​មក​ដោយ​គ្មាន​អំពើ​ហិង្សា​ទេ​ ព្រោះ​ពួកគេ​ខ្លាច​ប្រជាជន​គប់​ពួកគេ​នឹង​ដុំ​ថ្ម។​

27 ពេល​ពួកគេ​នាំ​ពួក​សាវក​មក​ដល់​ហើយ​ ពួកគេ​ក៏​ដាក់​អ្នក​ទាំង​នោះ​នៅមុខ​ក្រុម​ប្រឹក្សា​កំពូល​ ហើយ​សម្ដេច​សង្ឃ​ក៏​សួរ​ពួកគេ​

28 ថា៖​ «យើង​បាន​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​មិន​ឲ្យ​អ្នក​រាល់គ្នា​បង្រៀន​ដោយ​នូវ​ឈ្មោះ​របស់​អ្នក​នោះ​ទេ​ ប៉ុន្ដែ​ មើល៍​ អ្នក​រាល់គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូសាឡិម​ ហើយ​មាន​បំណង​យក​ឈាម​បុរស​នេះ​មក​ទម្លាក់​លើ​យើង​ទៀត​ផង»។​

29 ពេល​នោះ​លោក​ពេត្រុស​ និង​ពួក​សាវក​បាន​ឆ្លើយ​ថា៖​ «យើង​ត្រូវ​ស្ដាប់បង្គាប់​តាម​ព្រះជាម្ចាស់​ ជាជាង​ស្ដាប់​តាម​មនុស្ស​

30 ព្រះ​នៃ​ដូនតា​របស់​យើង​បាន​ប្រោស​ព្រះយេស៊ូ​ ដែល​ពួក​លោក​បាន​សម្លាប់​ដោយ​ព្យួរ​នៅ​លើ​ឈើឆ្កាង​ឲ្យ​រស់​ឡើង​វិញ។​

31 ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​ ដើម្បី​ប្រទាន​ការ​ប្រែចិត្ដ​ ព្រមទាំង​ការ​លើកលែង​ទោស​បាប​ដល់​ជនជាតិ​អ៊ីស្រាអែល​

32 រីឯ​យើង​ជា​សាក្សី​អំពី​ហេតុការណ៍​នេះ​ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​ពួក​អ្នក​ដែល​ស្ដាប់បង្គាប់​តាម​ព្រះអង្គ​ក៏​ជា​សាក្សី​ដែរ»។​