កិច្ចការ 6:1-7 KCB

1 នៅ​គ្រា​នោះ​ ពេល​ពួក​សិស្ស​កំពុង​កើន​ចំនួន​ឡើង​ នោះ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​បាន​និយាយ​រអ៊ូរទាំ​ចំពោះ​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ហេព្រើរ​ថា​ ការ​ចែក​អាហារ​ប្រចាំ​ថ្ងៃ​ដល់​ពួក​ស្ដ្រី​មេម៉ាយ​របស់​ពួកគេ​មិន​បាន​ដិត​ដល់​ទេ។​

2 ពេល​នោះ​ពួក​សាវក​ទាំង​ដប់ពីរ​បាន​ហៅ​ពួក​សិស្ស​ទាំង​អស់​មក​ ហើយ​និយាយ​ថា៖​ «មិន​ស័ក្ដិសម​ទេ​ដែល​ឲ្យ​យើង​ឈប់​រវីរវល់​នឹង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទៅ​បម្រើ​តុ​នោះ​

3 ដូច្នេះ​ បងប្អូន​អើយ!​ សូម​ជ្រើសរើស​បុរស​ប្រាំពីរ​នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដែល​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ ពេញ​ដោយ​ព្រះវិញ្ញាណ​ និង​ប្រាជ្ញា​មក​ នោះ​យើង​នឹង​តែងតាំង​អ្នក​ទាំង​នោះ​ឲ្យ​មើល​ខុសត្រូវ​លើ​មុខងារ​នេះ​

4 រីឯ​យើង​វិញ​ យើង​នឹង​បន្ដ​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​ និង​ការ​បម្រើ​ព្រះបន្ទូល​យ៉ាង​ខ្ជាប់ខ្ជួន!»​

5 អង្គ​ប្រជុំ​ទាំង​មូល​ពេញចិត្ដ​នឹង​សំណើ​នេះ​ណាស់​ ដូច្នេះ​ពួកគេ​ក៏​ជ្រើសរើស​លោក​ស្ទេផាន​ ជា​អ្នក​ដែល​ពេញ​ដោយ​ជំនឿ​ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ លោក​ភីលីព​ លោក​ប្រូខូរ៉ុស​ លោក​នីកាន័រ​ លោក​ទីម៉ូន​ លោក​ប៉ាមេណា​ និង​លោក​នីកូឡាស​ជា​អ្នក​ចូល​សាសនា​យូដា​មក​ពី​ក្រុង​អាន់ទីយ៉ូក។​

6 ពួកគេ​បាន​នាំ​អ្នក​ទាំង​នោះ​មក​ឈរ​នៅ​ចំពោះ​មុខ​ពួក​សាវក​ ហើយ​ពួក​សាវក​ក៏​អធិស្ឋាន​ដោយ​ដាក់​ដៃ​លើ​អ្នក​ទាំង​នោះ។​

7 ដូច្នេះ​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​កាន់តែ​ចម្រើន​ឡើង​ ហើយ​ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡិម​ ក៏​កើន​ឡើង​យ៉ាង​ច្រើន​ ឯ​ពួក​សង្ឃ​ជាច្រើន​ក៏​ប្រតិបត្តិ​តាម​ជំនឿ​នេះ​ដែរ!​