កិច្ចការ 7:10-16 KCB

10 ហើយ​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ទាំង​ឡាយ​ ព្រមទាំង​បាន​ប្រទាន​ឲ្យ​គាត់​មាន​ប្រាជ្ញា​ និង​ជា​ទី​គាប់​ចិត្ដ​នៅ​ចំពោះ​ស្ដេច​ស្រុក​អេស៊ីព្ទ។​ ដូច្នេះ​ស្ដេច​ក៏​តែងតាំង​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លើ​ស្រុក​អេស៊ីព្ទ​ និង​លើ​ដំណាក់​ទាំង​មូល​របស់​ស្ដេច។​

11 គ្រា​នោះ​កើតមាន​គ្រោះ​អត់ឃ្លាន​ពាសពេញ​ស្រុក​អេស៊ីព្ទ​ និង​ស្រុក​កាណាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ រីឯ​ដូនតា​របស់​យើង​រក​អាហារ​មិន​បាន​សោះ​

12 ពេល​លោក​យ៉ាកុប​បាន​ឮ​ថា​នៅ​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ​ គាត់​ក៏​ចាត់​ដូនតា​របស់​យើង​ឲ្យ​ទៅ​ជា​លើក​ទី​មួយ​

13 នៅ​លើក​ទីពីរ​ លោក​យ៉ូសែប​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងៗ​របស់​គាត់​ស្គាល់​ ហើយ​ស្ដេច​ស្រុក​អេស៊ីព្ទ​ក៏​បាន​ដឹង​អំពី​គ្រួសារ​របស់​លោក​យ៉ូសែប​

14 លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក​របស់​គាត់​ និង​សាច់ញាតិ​ទាំង​ចិតសិប​ប្រាំ​នាក់​របស់​គាត់​ឲ្យ​មក​

15 ដូច្នេះ​លោក​យ៉ាកុប​បាន​ចុះ​ទៅ‍​ឯ​ស្រុក​អេស៊ីព្ទ​ ហើយ​គាត់​ និង​ដូនតា​របស់​យើង​បាន​ស្លាប់​នៅ​ទីនោះ។​

16 ពួកគេ​បាន​យក​សព​អ្នក​ទាំង​នោះ​ត្រលប់​មក​ក្រុង​ស៊ីគែម​វិញ​ ហើយ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដែល​លោក​អ័ប្រាហាំ​បាន​យក​ប្រាក់​មួយ​ចំនួន​ទិញ​ពី​កូនចៅ​របស់​លោក​ហេម័រ​នៅ​ក្រុង​ស៊ីគែម​