កិច្ចការ 7:29-35 KCB

29 ពេល​ឮ​សំដី​ដូច្នេះ​ លោក​ម៉ូសេ​ក៏​ភៀសខ្លួន​ទៅ​ស្រុក​ម៉ាឌាន​ ហើយ​រស់នៅ​ជា​ជន​បរទេស​នៅ​ស្រុក​នោះ​ គាត់​បង្កើត​បាន​កូនប្រុស​ពីរ​នាក់។​

30 សែសិប​ឆ្នាំ​ក្រោយ​មក​ មាន​ទេវតា​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅ​ទីរហោឋាន​ភ្នំ​ស៊ីណាយ​ គឺ​នៅ​ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​គុម្ព​បន្លា។​

31 ពេល​លោក​ម៉ូសេ​បាន​ឃើញ​ទិដ្ឋភាព​ដូច្នេះ​ គាត់​ក៏​ឆ្ងល់​ ហើយ​នៅ​ពេល​គាត់​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ ស្រាប់តែ​មាន​សំឡេង​របស់​ព្រះអម្ចាស់​មាន​បន្ទូល​ថា​

32 យើង​ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​ ជា​ព្រះ​របស់​អ័ប្រាហាំ​ អ៊ីសាក​ និង​យ៉ាកុប​ ពេល​នោះ​លោក​ម៉ូសេ​ភ័យញ័រ​មិន​ហ៊ាន​មើល​ទេ​

33 ព្រះអម្ចាស់​មាន​បន្ទូល​មក​គាត់​ទៀត​ថា​ ចូរ​ដោះ​ស្បែកជើង​របស់​អ្នក​ចេញ​ ដ្បិត​កន្លែង​ដែល​អ្នក​កំពុង​ឈរ​នេះ​ជា​ដី​បរិសុទ្ធ​

34 យើង​បាន​ឃើញ​បាន​យល់​ពី​ទុក្ខ​វេទនា​របស់​ប្រជារាស្ដ្រ​យើង​នៅ​ស្រុក​អេស៊ីព្ទ​ និង​បាន​ឮ​ពី​ការ​ស្រែកថ្ងូរ​របស់​ពួកគេ​ហើយ​ ដូច្នេះ​ហើយ​បានជា​យើង​ចុះ​មក​ដើម្បី​រំដោះ​ពួកគេ​ ចូរ​មក​ឥឡូវ​នេះ​ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ។​

35 លោក​ម៉ូសេ​នេះ​ហើយ​ ដែល​គេ​បាន​បដិសេធ​គាត់​ដោយ​និយាយ​ថា​ តើ​អ្នកណា​តែងតាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹកនាំ​ និង​ជា​ចៅក្រម?​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ចាត់​លោក​ម៉ូសេ​ដដែល​នេះ​ឲ្យ​ទៅ​ធ្វើ​ជា​មេ​ដឹកនាំ​ និង​ជា​អ្នក​ជួយ​រំដោះ​តាម​រយៈ​ដៃ​របស់​ទេវតា​ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅ​ក្នុង​គុម្ព​បន្លា​នោះ។​