កិច្ចការ 7:44-50 KCB

44 ដូនតា​របស់​យើង​មាន​រោង​នៃ​សេចក្ដី​បន្ទាល់​នៅ​ទីរហោឋាន​ គឺ​ដូច​ដែល​ព្រះអង្គ​បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ធ្វើ​តាម​គំរូ​ដែល​គាត់​បាន​ឃើញ​

45 ដូនតា​របស់​យើង​ក៏​ទទួល​រោង​នោះ​តៗ​គ្នា​តាម​ជំនាន់​ ព្រមទាំង​បាន​នាំ​យក​ទៅ​ជាមួយ​លោក​យ៉ូស្វេ​នៅ​គ្រា​កាន់កាប់​ទឹកដី​របស់​សាសន៍​ដទៃ​ ដែល​ព្រះជាម្ចាស់​បាន​បណ្ដេញ​ពួកគេ​ចេញ​ពី​មុខ​ដូនតា​របស់​យើង​រហូត​ដល់​ជំនាន់​ស្ដេច​ដាវីឌ​

46 ដែល​បាន​ជា​ទី​គាប់​ព្រះ​ហឫទ័យ​នៅ​ចំពោះ​ព្រះភក្ដ្រ​របស់​ព្រះជាម្ចាស់​ ហើយ​ស្ដេច​បាន​សុំ​សង់​ដំណាក់​សម្រាប់​ព្រះ​នៃ​ពូជពង្ស​របស់​លោក​យ៉ាកុប​

47 ប៉ុន្ដែ​ជា​ស្ដេច​សាឡូម៉ូន​ទេ​តើ​ ដែល​បាន​សង់​ដំណាក់​ថ្វាយ​ព្រះជាម្ចាស់​

48 ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ព្រះ​ដ៏​ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​កន្លែង​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ទេ​ ដូច​ដែល​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា​

49 ស្ថានសួគ៌​ជា​បល្ល័ង្ក​របស់​យើង​ ឯ​ផែនដី​ជា​កំណល់​ជើង​របស់​យើង។​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ តើ​អ្នក​រាល់គ្នា​នឹង​សង់​ដំណាក់​បែប​ណា​សម្រាប់​យើង?​ តើ​កន្លែង​សម្រាក​របស់​យើង​ជា​កន្លែង​យ៉ាង​ដូចម្ដេច?​

50 តើ​មិន​មែន​ដៃ​របស់​យើង​ទេ​ឬ​ ដែល​បាន​បង្កើត​របស់​ទាំង​អស់​នេះ?​