កិច្ចការ 7:7-13 KCB

7 ប៉ុន្ដែ​យើង​នឹង​ដាក់ទោស​ដល់​ជាតិ​សាសន៍​ ដែល​ពួកគេ​បាន​បម្រើ​ក្នុង​នាម​ជា​ទាសករ​នោះ។​ ព្រះជាម្ចាស់​មាន​បន្ទូល​ទៀត​ថា​ ក្រោយ​នោះ​មក​ពួកគេ​នឹង​ចាកចេញ​មក​បម្រើ​យើង​នៅ​កន្លែង​នេះ។​

8 ព្រះជាម្ចាស់​បាន​ប្រទាន​ការ​កាត់ស្បែក​ដល់​លោក​អ័ប្រាហាំ​ទុក​ជា​កិច្ច​ព្រមព្រៀង​ ដូច្នេះ​ពេល​លោក​អ័ប្រាហាំ​បង្កើត​បាន​លោក​អ៊ីសាក​ គាត់​ក៏​កាត់ស្បែក​ឲ្យ​នៅ​ថ្ងៃ​ទី​ប្រាំបី​ ក្រោយ​មក​លោក​អ៊ីសាក​បង្កើត​បាន​លោក​យ៉ាកុប​ លោក​យ៉ាកុប​បង្កើត​បាន​បុព្វបុរស​ទាំង​ដប់ពីរ​

9 ហើយ​បុព្វបុរស​ទាំង​នោះ​បាន​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ​ ដោយ​ព្រោះតែ​សេចក្ដី​ច្រណែន​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​គង់​នៅ​ជាមួយ​លោក​យ៉ូសែប​

10 ហើយ​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ទាំង​ឡាយ​ ព្រមទាំង​បាន​ប្រទាន​ឲ្យ​គាត់​មាន​ប្រាជ្ញា​ និង​ជា​ទី​គាប់​ចិត្ដ​នៅ​ចំពោះ​ស្ដេច​ស្រុក​អេស៊ីព្ទ។​ ដូច្នេះ​ស្ដេច​ក៏​តែងតាំង​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លើ​ស្រុក​អេស៊ីព្ទ​ និង​លើ​ដំណាក់​ទាំង​មូល​របស់​ស្ដេច។​

11 គ្រា​នោះ​កើតមាន​គ្រោះ​អត់ឃ្លាន​ពាសពេញ​ស្រុក​អេស៊ីព្ទ​ និង​ស្រុក​កាណាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ រីឯ​ដូនតា​របស់​យើង​រក​អាហារ​មិន​បាន​សោះ​

12 ពេល​លោក​យ៉ាកុប​បាន​ឮ​ថា​នៅ​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ​ គាត់​ក៏​ចាត់​ដូនតា​របស់​យើង​ឲ្យ​ទៅ​ជា​លើក​ទី​មួយ​

13 នៅ​លើក​ទីពីរ​ លោក​យ៉ូសែប​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងៗ​របស់​គាត់​ស្គាល់​ ហើយ​ស្ដេច​ស្រុក​អេស៊ីព្ទ​ក៏​បាន​ដឹង​អំពី​គ្រួសារ​របស់​លោក​យ៉ូសែប​