កិច្ចការ 8:14-20 KCB

14 បន្ទាប់មក​ពេល​ពួក​សាវក​នៅ​ក្នុង​ក្រុង​យេរូសាឡិម​បាន​ឮ​ថា​ ស្រុក​សាម៉ារី​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ពួកគេ​ក៏​ចាត់​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ឲ្យ​ទៅ​ឯ​អ្នក​ទាំង​នោះ​

15 អ្នក​ទាំង​ពីរ​ក៏​ចុះ​មក​ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​

16 ដ្បិត​ព្រះវិញ្ញាណ​មិន​ទាន់​យាង​មក​សណ្ឋិត​លើ​ពួកគេ​ណា​ម្នាក់​នៅ​ឡើយ​ ពួកគេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូ​ប៉ុណ្ណោះ​

17 ដូច្នេះ​ហើយ​ អ្នក​ទាំង​ពីរ​នោះ​បាន​ដាក់​ដៃ​លើ​​ពួកគេ​ ហើយ​ពួកគេ​ក៏​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​

18 ពេល​លោក​ស៊ីម៉ូន​ឃើញ​ថា​ ព្រះ​វិញ្ញាណ​បាន​សណ្ឋិត​តាមរយៈ​ការ​ដាក់​ដៃ​របស់​សាវក​ទាំង​ពីរ​ដូច្នេះ​ គាត់​ក៏​ជូន​ប្រាក់​ដល់​សាវក​ទាំង​ពីរ​នោះ​

19 ទាំង​និយាយ​ថា៖​ «សូម​ឲ្យ​សិទ្ធិ​អំណាច​នេះ​ដល់​ខ្ញុំ​ដែរ​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ខ្ញុំ​ដាក់​ដៃ​លើ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ»​

20 ប៉ុន្ដែ​លោក​ពេត្រុស​និយាយ​ទៅ​គាត់​ថា៖​ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​ជាមួយ​អ្នក​ចុះ​ ព្រោះ​អ្នក​ស្មាន​ថា​ អ្នក​អាច​យក​ប្រាក់​ទិញ​អំណោយទាន​របស់​ព្រះជាម្ចាស់​បាន!​