4 រីឯពួកអ្នកដែលបានខ្ចាត់ខ្ចាយទៅនោះបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រកាសព្រះបន្ទូលផង។
5 ពេលនោះលោកភីលីពបានចុះទៅក្រុងមួយក្នុងស្រុកសាម៉ារី ហើយប្រកាសប្រាប់ពួកគេអំពីព្រះគ្រិស្ដ
6 ពេលបណ្ដាជនបានស្ដាប់ និងបានឃើញទីសំគាល់អស្ចារ្យនានាដែលគាត់បានធ្វើ ពួកគេទាំងអស់គ្នាក៏យកចិត្ដទុកដាក់ស្ដាប់អ្វីដែលគាត់បាននិយាយ
7 ដ្បិតពួកវិញ្ញាណអាក្រក់ដែលបានចូលមនុស្សជាច្រើន ពួកវាបានចេញមក ទាំងស្រែកខ្លាំងៗ ហើយមនុស្សស្លាប់ដៃជើង និងមនុស្សខ្វិនជាច្រើនត្រូវបានប្រោសឲ្យជា
8 ដូច្នេះហើយក៏មានអំណរជាខ្លាំងនៅក្នុងក្រុងនោះ។
9 នៅក្នុងក្រុងនោះ មានបុរសម្នាក់ឈ្មោះស៊ីម៉ូនដែលកាលពីមុនធ្លាប់ប្រើមន្ដអាគមធ្វើឲ្យប្រជាជននៅក្នុងស្រុកសាម៉ារីស្ញប់ស្ញែង ព្រមទាំងបានអះអាងថាខ្លួនជាមនុស្សដ៏អស្ចារ្យម្នាក់
10 មនុស្សទាំងអស់ចាប់ពីអ្នកតូចដល់អ្នកធំបានយកចិត្ដទុកដាក់ស្ដាប់គាត់ ទាំងនិយាយថា៖ «មនុស្សនេះហើយដែលគេហៅថា អំណាចដ៏អស្ចារ្យរបស់ព្រះជាម្ចាស់»