កិច្ចការ 8:9-15 KCB

9 នៅ​ក្នុង​ក្រុង​នោះ​ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​កាល​ពី​មុន​ធ្លាប់​ប្រើ​មន្ដ​អាគម​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្នុង​ស្រុក​សាម៉ារី​ស្ញប់ស្ញែង ​ព្រមទាំង​បាន​អះអាង​ថា​ខ្លួន​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​

10 មនុស្ស​ទាំងអស់​ចាប់​ពី​អ្នក​តូច​ដល់​អ្នក​ធំ​បាន​យកចិត្ដ​ទុកដាក់​ស្ដាប់​គាត់​ ទាំង​និយាយ​ថា៖​ «មនុស្ស​នេះ​ហើយ​ដែល​គេ​ហៅ​ថា អំណាច​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់»​

11 ដោយ​គាត់​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្ញប់ស្ញែង​ចំពោះ​មន្ដ​អាគម​របស់​គាត់​យូរ​មក​ហើយ​ បានជា​ពួកគេ​យក​ចិត្ដ​ទុកដាក់​ស្ដាប់​គាត់​ដូច្នេះ​

12 ប៉ុន្ដែ​ពេល​ពួកគេ​ជឿ​ដំណឹង​ល្អ​ ដែល​លោក​ភីលីព​បាន​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​អំពី​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ទាំង​ប្រុស​ ទាំង​ស្រី​

13 សូម្បីតែ​លោក​ស៊ីម៉ូន​ផ្ទាល់​ក៏​បាន​ជឿ​ដែរ​ ហើយ​ក្រោយ​ពី​ទទួល​ពិធី​ជ្រមុជទឹក​រួច​ គាត់​ក៏​នៅ​ជាមួយ​លោក​ភីលីព​តទៅ​ទៀត​ ហើយ​គាត់​បាន​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ ពេល​គាត់​បាន​ឃើញ​ទីសំគាល់​ និង​ការ​អស្ចារ្យ​ធំៗ​ដែល​កំពុង​កើតឡើង។​

14 បន្ទាប់មក​ពេល​ពួក​សាវក​នៅ​ក្នុង​ក្រុង​យេរូសាឡិម​បាន​ឮ​ថា​ ស្រុក​សាម៉ារី​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ពួកគេ​ក៏​ចាត់​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ឲ្យ​ទៅ​ឯ​អ្នក​ទាំង​នោះ​

15 អ្នក​ទាំង​ពីរ​ក៏​ចុះ​មក​ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​