17 ដូច្នេះ លោកអាណានាសក៏ចាកចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ បន្ទាប់ពីដាក់ដៃលើលោកសុល គាត់ក៏និយាយថា៖ «ឱបងសុលអើយ! ព្រះអម្ចាស់យេស៊ូដែលបានបង្ហាញខ្លួនឲ្យបងឃើញនៅតាមផ្លូវដែលបងបានមកទីនេះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកដើម្បីឲ្យបងមើលឃើញវិញ និងឲ្យបងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»
18 រំពេចនោះមានអ្វីមួយដូចជាស្រកាបានជ្រុះពីភ្នែករបស់លោកសុលមក ហើយគាត់ក៏មើលឃើញវិញ រួចគាត់ក៏ក្រោកឡើងទទួលពិធីជ្រមុជទឹក
19 ក្រោយពីបានបរិភោគអាហាររួច គាត់ក៏មានកម្លាំងឡើងវិញ។ បន្ទាប់មក គាត់ក៏នៅជាមួយពួកសិស្សក្នុងក្រុងដាម៉ាស់ជាច្រើនថ្ងៃ
20 ហើយភ្លាមនោះ គាត់ចាប់ផ្ដើមប្រកាសនៅតាមសាលាប្រជុំនានាអំពីព្រះយេស៊ូថា ព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់
21 រីឯពួកអ្នកទាំងឡាយដែលកំពុងស្ដាប់គាត់បានងឿងឆ្ងល់ ហើយសួរគ្នាថា៖ «តើមិនមែនម្នាក់នេះទេឬ ដែលបានបំផ្លាញពួកអ្នកដែលអំពាវនាវដល់ឈ្មោះនេះនៅក្នុងក្រុងយេរូសាឡិម ហើយដោយសារតែមូលហេតុនេះ បានជាគាត់មកទីនេះ ដើម្បីចាប់ចងពួកអ្នកទាំងនោះនាំទៅឲ្យពួកសម្ដេចសង្ឃ?»
22 ទោះជាយ៉ាងណាក្ដី លោកសុលកាន់តែមានកម្លាំងខ្លាំងឡើង ហើយបានផ្ចាញ់ផ្ចាលពួកជនជាតិយូដា ដែលរស់នៅក្នុងក្រុងដាម៉ាស់ ដោយអះអាងថា ព្រះយេស៊ូនេះហើយជាព្រះគ្រិស្ដ។
23 ដូច្នេះ ច្រើនថ្ងៃក្រោយមក ពួកជនជាតិយូដាបានពិភាក្សាគ្នាដើម្បីសម្លាប់គាត់។