26 ពេលគាត់មកដល់ក្រុងយេរូសាឡិមវិញ គាត់ព្យាយាមចូលរួមជាមួយពួកសិស្ស ប៉ុន្ដែពួកគេទាំងអស់គ្នាខ្លាចគាត់ ដោយមិនជឿថា គាត់ជាសិស្សទេ។
27 នៅពេលនោះ លោកបារណាបាសបានទទួលគាត់ ព្រមទាំងនាំគាត់ទៅជួបពួកសាវក និងរៀបរាប់ប្រាប់ពួកគេអំពីហេតុការណ៍ដែលលោកសុលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ ការដែលព្រះអង្គមានបន្ទូលមកកាន់គាត់ និងការដែលគាត់ប្រកាសដោយក្លាហានក្នុងព្រះនាមរបស់ព្រះយេស៊ូនៅក្នុងក្រុងដាម៉ាស់។
28 លោកសុលក៏នៅជាមួយពួកសាវក និងបានចេញចូលក្រុងយេរូសាឡិម ទាំងប្រកាសដោយក្លាហានក្នុងព្រះនាមព្រះអម្ចាស់ទៀតផង។
29 គាត់បានប្រកាស និងជជែកវែកញែកជាមួយពួកជនជាតិយូដាដែលនិយាយភាសាក្រេក ប៉ុន្ដែពួកគេបានប៉ុនប៉ងសម្លាប់គាត់
30 ហើយពេលពួកបងប្អូនបានដឹងពីការនេះ ពួកគេក៏នាំគាត់ចុះទៅក្រុងសេសារា បន្ទាប់មកឲ្យគាត់ទៅក្រុងតើសុស។
31 ដូច្នេះ ក្រុមជំនុំទាំងអស់ដែលនៅពាសពេញស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ដ ហើយមាំមួនឡើង ក៏រស់នៅដោយកោតខ្លាចព្រះអម្ចាស់ និងមានការកម្សាន្ដចិត្ដពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងមានចំនួនកាន់តែច្រើនឡើង។
32 រីឯលោកពេត្រុសវិញ នៅពេលធ្វើដំណើរកាត់តាមតំបន់ទាំងអស់នោះ គាត់ក៏ចុះទៅជួបពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងលីដាដែរ។