33 នៅទីនោះ គាត់បានជួបបុរសម្នាក់ឈ្មោះ អេនាស ដែលស្លាប់ដៃជើង ដេកតែនៅលើគ្រែប្រាំបីឆ្នាំមកហើយ។
34 លោកពេត្រុសក៏និយាយទៅគាត់ថា៖ «ឱអេនាសអើយ! ព្រះយេស៊ូគ្រិស្ដបានប្រោសអ្នកហើយ ចូរក្រោកឡើង ហើយរៀបចំគ្រែរបស់អ្នកចុះ» ពេលនោះគាត់ក៏ក្រោកឡើងភ្លាម។
35 មនុស្សទាំងអស់ដែលរស់នៅក្នុងក្រុងលីដា និងស្រុកសារ៉ូនបានឃើញគាត់ដូច្នេះ ក៏ប្រែចិត្តមកឯព្រះអម្ចាស់។
36 នៅក្នុងក្រុងយ៉ុបប៉េ មានសិស្សស្រីម្នាក់ឈ្មោះតេប៊ីថា ដែលហៅថាឌ័រកាសមានន័យថាក្ដាន់។ ស្ដ្រីម្នាក់នេះបានធ្វើអំពើល្អ និងបានដាក់ទានជាច្រើន
37 ប៉ុន្ដែប៉ុន្មានថ្ងៃនោះ នាងបានធ្លាក់ខ្លួនឈឺ ហើយស្លាប់ទៅ។ ពេលពួកគេចំអាសសពរបស់នាងរួចហើយ ពួកគេក៏តម្កល់ទុកនៅបន្ទប់ខាងលើ។
38 ពេលពួកសិស្សបានឮថា លោកពេត្រុសនៅក្នុងក្រុងលីដា ហើយដោយសារក្រុងលីដានៅជិតក្រុងយ៉ុបប៉េ ដូច្នេះពួកគេក៏ចាត់មនុស្សពីរនាក់ឲ្យទៅអង្វរគាត់ថា៖ «សូមមកកន្លែងរបស់យើង កុំបង្អង់ឡើយ»
39 ដូច្នេះ លោកពេត្រុសក៏ក្រោកឡើង ហើយទៅជាមួយពួកគេ។ ពេលគាត់ទៅដល់ ពួកគេក៏នាំគាត់ទៅបន្ទប់ខាងលើ ហើយពួកស្ត្រីមេម៉ាយទាំងឡាយក៏មកឈរយំក្បែរគាត់ ទាំងបង្ហាញអាវ និងសម្លៀកបំពាក់ទាំងឡាយ ដែលនាងឌ័រកាសបានដេរ កាលនាងនៅជាមួយពួកគេនៅឡើយ។