២ កូរិនថូស 1:9-15 KCB

9 ប៉ុន្ដែ​យើង​មាន​ទោស​ប្រហារ​ជីវិត​ជាប់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​យើង​ទុកចិត្ត​លើ​ខ្លួន​ឯង​ឡើយ​ គឺ​ឲ្យ​ទុកចិត្ត​លើ​ព្រះជាម្ចាស់​ ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​

10 ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់​ដ៏ធំ​សម្បើម​ ហើយ​នឹង​សង្គ្រោះ​យើង​ទៀត។​ យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា​ ព្រះអង្គ​ក៏​នឹង​នៅតែ​សង្គ្រោះ​ដែរ។​

11 អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ជួយ​យើង​ដែរ​តាមរយៈ​ការ​ទូលអង្វរ​ ហើយ​តាមរយៈ​ការ​ទូលអង្វរ​របស់​មនុស្ស​ជាច្រើន​ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​អរព្រះគុណ​ជំនួស​យើង​ សម្រាប់​អំណោយទាន​ដែល​បាន​ផ្ដល់​ឲ្យ​យើង។​

12 មោទនភាព​របស់​យើង​គឺ​បែប​នេះ​ មនសិការ​របស់​យើង​ធ្វើ​បន្ទាល់​ថា​ យើង​មាន​អាកប្បកិរិយា​ក្នុង​ពិភពលោក​នេះ​ ដោយ​សេចក្ដី​សប្បុរស​ និង​សេចក្ដី​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ មិន​មែន​ដោយសារ​ប្រាជ្ញា​ខាង​សាច់ឈាម​ទេ​ ប៉ុន្ដែ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​វិញ​ ជា​ពិសេស​ចំពោះ​អ្នក​រាល់គ្នា។​

13 យើង​មិន​សរសេរ​អ្វី​ផ្សេង​មក​អ្នក​រាល់គ្នា​ទេ​ លើកលែង​តែ​អ្វី​ដែល​អ្នក​រាល់គ្នា​អាច​អាន​ ឬ​អាច​យល់​បាន​ប៉ុណ្ណោះ​

14 ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្គាល់​យើង​ខ្លះ​ហើយ​ ប៉ុន្ដែ​នៅ​ថ្ងៃ​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ខ្ញុំ​សង្ឃឹម​ថា​ អ្នក​រាល់គ្នា​នឹង​យល់​សព្វ​គ្រប់​ថា​ យើង​ជា​មោទនភាព​របស់​អ្នក​រាល់គ្នា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​ជា​មោទនភាព​របស់​យើង​យ៉ាង​នោះ​ដែរ។​

15 ដោយ​ការ​ទុកចិត្ដ​ដូច្នេះ​ហើយ​ បាន​ជា​ខ្ញុំ​មាន​បំណង​មក​ជួប​អ្នក​រាល់គ្នា​ជា​មុន​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះគុណ​ទ្វេដង​