២ កូរិនថូស 13:7-13 KCB

7 ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ សូម​កុំ​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​អំពើ​អាក្រក់​ណា​មួយ​ឡើយ​ នេះ​មិន​មែន​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ យើង​ត្រូវបាន​ទទួល​ស្គាល់​នោះ​ទេ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​អំពើ​ល្អ​ប៉ុណ្ណោះ​ ទោះបី​មើលទៅ​ យើង​ដូចជា​ត្រូវ​បាន​បដិសេធ​ចោល​ក៏ដោយ​

8 ​ដ្បិត​យើង​មិន​អាច​ធ្វើ​អ្វី​ទាស់​នឹង​សេចក្ដី​ពិត​បាន​ទេ​ គឺ​ធ្វើ​ដើម្បី​សេចក្ដី​ពិត​

9 ​ព្រោះ​យើង​ត្រេកអរ​ ពេល​ដែល​យើង​ខ្សោយ​ ហើយ​អ្នក​រាល់គ្នា​រឹងមាំ​ ប៉ុន្ដែ​យើង​អធិស្ឋាន​សុំ​សេចក្ដី​នេះ​ទៀត​ គឺ​ឲ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍។​

10 ហេតុនេះ​ហើយ​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​កាល​នៅ​ឆ្ងាយ​នៅ​ឡើយ​ ដើម្បី​ពេល​មក​ដល់​ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដោយ​តឹងរ៉ឹង​ទៅ​តាម​សិទ្ធិ​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​ការ​ស្អាងចិត្ដ​ គឺ​មិន​មែន​សម្រាប់​ការ​បំផ្លាញ​ទេ។​

11 ​ទី​បញ្ចប់​នេះ​ បងប្អូន​អើយ!​ ចូរ​មាន​អំណរ​ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ចូរ​ទទួល​ការ​លើក​ទឹក​ចិត្ដ​ ចូរ​មាន​គំនិត​តែ​មួយ​ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ចុះ​ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​នឹង​គង់​នៅ​ជាមួយ​អ្នក​រាល់គ្នា​

12 ចូរ​ជម្រាបសួរ​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ថើប​បរិសុទ្ធ​ រីឯ​ពួក​បរិសុទ្ធ​ទាំង​អស់​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

13 សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ​គ្រិស្ដ​ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ព្រមទាំង​សេចក្ដី​ប្រកប​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។​