10 ព្រោះយើងទាំងអស់គ្នាត្រូវបង្ហាញខ្លួននៅចំពោះមុខទីជំនុំជម្រះរបស់ព្រះគ្រិស្ដ ដើម្បីឲ្យម្នាក់ៗទទួលផលតាមអ្វីដែលបានប្រព្រឹត្តតាមរយៈរូបកាយនេះ មិនថាល្អ ឬអាក្រក់ឡើយ។
11 ហេតុនេះហើយ ដោយស្គាល់ពីការកោតខ្លាចព្រះអម្ចាស់ បានជាយើងបញ្ចុះបញ្ចូលមនុស្សឲ្យជឿ។ យើងបានបង្ហាញឲ្យឃើញច្បាស់នៅចំពោះព្រះជាម្ចាស់ ហើយខ្ញុំក៏សង្ឃឹមថា បានបង្ហាញឲ្យឃើញច្បាស់ដល់មនសិការរបស់អ្នករាល់គ្នាដែរ។
12 យើងមិនមែនលើកតម្កើងខ្លួននៅចំពោះអ្នករាល់គ្នាទៀតទេ គឺផ្ដល់ឱកាសឲ្យអ្នករាល់គ្នាមានមោទនភាពអំពីយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាឆ្លើយតបនឹងពួកអ្នកដែលកំពុងអួតពីសំបកក្រៅ ប៉ុន្ដែមិនមែនពីក្នុងចិត្ដ
13 ដ្បិតបើយើងវង្វេងស្មារតី គឺដើម្បីព្រះជាម្ចាស់ ហើយបើយើងមានស្មារតីត្រឹមត្រូវ គឺដើម្បីអ្នករាល់គ្នា
14 ព្រោះសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដជំរុញយើង យើងក៏វិនិច្ឆ័យដូច្នេះថា មនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ ហេតុនេះមនុស្សទាំងអស់ក៏បានស្លាប់ដែរ
15 ហើយព្រះអង្គបានសោយទិវង្គតជំនួសមនុស្សទាំងអស់ នោះមនុស្សដែលរស់នៅ មិនរស់ដើម្បីខ្លួនឯងទៀតទេ គឺរស់ដើម្បីព្រះអង្គដែលបានសោយទិវង្គត និងបានរស់ឡើងវិញសម្រាប់ពួកគេ
16 ដូច្នេះហើយចាប់ពីពេលនេះតទៅ យើងឈប់ស្គាល់អ្នកណាម្នាក់តាមបែបសាច់ឈាមទៀតហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្ដតាមបែបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមបែបនោះទៀតទេ។