២ កូរិនថូស 7:7-13 KCB

7 មិន​ត្រឹមតែ​តាមរយៈ​ការ​មក​ដល់​របស់​គាត់​ប៉ុណ្ណោះ​ទេ​ គឺ​តាមរយៈ​ការ​កម្សាន្ដ​ចិត្ដ​ដែល​អ្នក​រាល់គ្នា​បាន​កម្សាន្ដ​ចិត្ដ​គាត់​ដែរ​ គាត់​បាន​ប្រាប់​យើង​ពី​ការ​ទន្ទឹង​មើល​ផ្លូវ​ ពី​ទុក្ខ​ព្រួយ​ និង​ភាព​ប្ដូរផ្ដាច់​របស់​អ្នក​រាល់គ្នា​ដែល​មាន​ចំពោះ​យើង​ ដូច្នេះ​ ធ្វើឲ្យ​ខ្ញុំ​កាន់​តែ​ត្រេកអរ​ថែម​ទៀត‍។​

8 ​បើខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ព្រួយចិត្ដ​ដោយសារ​សំបុត្រ​នោះ​ ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទេ​ ទោះបី​ខ្ញុំ​ស្ដាយ​ក្រោយ​ក៏ដោយ​ ដោយ​ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា​ សំបុត្រ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ព្រួយចិត្ដ​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​

9 ឥឡូវ​នេះ​ ខ្ញុំ​ត្រេកអរ​ណាស់​ ប៉ុន្ដែ​មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ព្រួយចិត្ដ​ទេ​ គឺ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ព្រួយចិត្ដ​រហូត​ដល់​មាន​ការ​ប្រែចិត្ដ​ ដ្បិត​អ្នក​រាល់គ្នា​ព្រួយចិត្ដ​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​ ដូច្នេះ​អ្នក​រាល់គ្នា​មិន​បាន​ទទួល​ការ​ខាតបង់​អ្វី​មួយ​ដោយសារ​យើង​ទេ​

10 ព្រោះ​ការ​ព្រួយចិត្ដ​ដែល​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​ ​ធ្វើ​ឲ្យ​មាន​ការ​ប្រែចិត្ត​ដែល​នាំ​ទៅ​ឯ​សេចក្ដី​សង្គ្រោះ​ នោះ​មិន​គួរ​ស្ដាយ​ក្រោយ​ឡើយ​ ប៉ុន្ដែ​ការ​ព្រួយចិត្ដ​របស់​លោកិយ​វិញ​ ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្លាប់​

11 ដ្បិត​មើល៍​ ការ​ព្រួយចិត្ដ​បែប​នេះ​ដែល​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ឧស្សាហ៍​ មាន​ការ​ការពារ​ខ្លួន​ ការ​ឈឺចិត្ដ​ ការ​ភ័យខ្លាច​ ការ​ទន្ទឹង​មើល​ផ្លូវ​ ភាព​ប្ដូរផ្ដាច់​ ​និង​យុត្ដិធម៌!​ ដូច្នេះ​ ចំពោះ​បញ្ហា​នេះ​ អ្នក​រាល់គ្នា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ខ្លួន​បរិសុទ្ធ​ក្នុង​គ្រប់​ការ​ទាំង​អស់។​

12 ទោះបី​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​មែន​ក៏​ដោយ​ ក៏​មិន​មែន​ដើម្បី​អ្នក​ដែល​ធ្វើ​ខុស​ ឬ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ខុស​លើ​នោះ​ដែរ​ ប៉ុន្ដែ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​ពី​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់គ្នា​ដែល​មាន​ចំពោះ​យើង​នៅ​ចំពោះ​ព្រះជាម្ចាស់​

13 ​ដោយ​ព្រោះ​ការ​នេះ​ យើង​ត្រូវ​បាន​កម្សាន្ដ​ចិត្ដ​ ប៉ុន្ដែ​លើស​ពី​ការ​កម្សាន្ដ​ចិត្ដ​នេះ​ យើង​កាន់​តែ​ត្រេកអរ​ថែម​ទៀត​ចំពោះ​អំណរ​របស់​លោក​ទីតុស​ ដ្បិត​អ្នក​ទាំង​អស់​គ្នា​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​គាត់​ធូរស្បើយ។​