២ កូរិនថូស 8:8-14 KCB

8 ខ្ញុំ​មិន​មែន​និយាយ​បែប​បង្គាប់​ទេ​ ប៉ុន្ដែ​ដើម្បី​ពិសោធ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ តាមរយៈ​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​ដទៃ​វិញ។​

9 ដ្បិត​អ្នក​រាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ហើយ​ គឺ​ថា​ ទោះបី​ព្រះអង្គ​ជា​អ្នក​មាន​ក៏ដោយ​ ក៏​ព្រះអង្គ​បាន​ត្រលប់​ជា​អ្នក​ក្រ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ដោយសារ​ភាព​ក្រ​របស់​ព្រះអង្គ។​

10 ខ្ញុំ​សូម​ផ្ដល់​យោបល់​នៅ​ក្នុង​រឿង​នេះ​ចុះ​ ដោយ​ព្រោះ​ការ​នេះជា​ប្រយោជន៍​ដល់​អ្នក​រាល់គ្នា​ ដែល​មិន​គ្រាន់​តែ​ចាប់ផ្ដើម​ធ្វើ​ការ​នេះ​តាំង​ពី​ឆ្នាំ​មុន​មកទេ​ ថែម​ទាំង​ចង់​ធ្វើ​ទៀត​ផង​

11 ដូច្នេះ​ ឥឡូវ​នេះ​ ​ចូរ​បំពេញ​កិច្ចការ​នេះ​ចុះ​ គឺ​អ្នក​រាល់គ្នា​មាន​ចិត្ដ​សង្វាត​ចង់​ធ្វើ​ជា​យ៉ាង​ណា​ ក៏​បំពេញ​ជា​យ៉ាង​នោះ​ចុះ​ ទៅ​តាម​អ្វី​ដែល​អ្នក​រាល់គ្នា​មាន។​

12 ដ្បិត​បើ​មាន​ចិត្ត​សង្វាត​មែន​ នោះ​អាច​ទទួល​យក​បាន​ហើយ​ គឺ​តាម​អ្វី​ដែល​អ្នក​នោះ​មាន​ មិន​មែន​តាម​អ្វី​ដែល​អ្នក​នោះ​គ្មាន​ទេ​

13 ប៉ុន្ដែ​មិន​មែន​ឲ្យ​អ្នក​ផ្សេង​មាន​ភាព​ធូរស្បើយ​ ហើយ​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​វេទនា​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ឲ្យ​ស្មើ​ភាព​គ្នា​

14 គឺ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ឲ្យ​ភាព​ហូរហៀរ​របស់​អ្នក​រាល់គ្នា​ផ្គត់ផ្គង់​ដល់​ភាព​ខ្វះខាត​របស់​អ្នក​ទាំង​នោះ​ ដើម្បី​ឲ្យ​ភាព​ហូរហៀរ​របស់​អ្នក​ទាំង​នោះ​អាច​នឹង​ផ្គត់ផ្គង់​ដល់​ភាព​ខ្វះខាត​របស់​អ្នក​រាល់គ្នា​វិញ​ ដូច្នេះ​ទើប​ស្មើ​ភាព​គ្នា​