នាង​អេសធើរ 5:9-14 KHSV

9 ថ្ងៃ​នោះ លោក​ហាម៉ាន​ចាក​ចេញ​ទៅ ដោយ​មាន​ចិត្ត​ត្រេក​អរ​សប្បាយ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន។ លោក​ឃើញ​លោក​ម៉ាដេ‌កាយ​នៅ​មាត់​ទ្វារ​វាំង តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ក្រោក​ឈរ ដើម្បី​ធ្វើ​គារវ‌កិច្ច​ចំពោះ​លោក​ទេ។ ដូច្នេះ លោក​ហាម៉ាន​ខឹង​នឹង​លោក​ម៉ាដេ‌កាយ​ជា​ខ្លាំង។

10 លោក​ទប់​ចិត្ត ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​បាន​ឲ្យ​គេ​ហៅ​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ និង​លោក​ស្រី​សេរែស ជា​ភរិយា​មក​ជួប។

11 លោក​ហាម៉ាន​អួត​ប្រាប់​ពួក​គេ​អំពី​ទ្រព្យ​សម្បត្តិ​ដ៏​ស្ដុក‌ស្ដម្ភ​របស់​លោក ព្រម​ទាំង​ចំនួន​កូន​ប្រុស​ដែល​លោក​មាន និង​កិត្តិយស​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ប្រទាន​ឲ្យ​លោក​ធ្វើ​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្ដេច។

12 លោក​ពោល​ទៀត​ថា៖ «ក្រៅ​ពី​ព្រះ‌រាជា និង​រូប​ខ្ញុំ​ផ្ទាល់ ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ពុំ​បាន​អញ្ជើញ​អ្នក​ណា​ផ្សេង​ទៀត ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​ព្រះ‌នាង​រៀបចំ​នោះ​ឡើយ។ នៅ​ថ្ងៃ​ស្អែក ព្រះ‌នាង​ក៏​បាន​អញ្ជើញ​ខ្ញុំ ទៅ​ជប់‌លៀង​ជា​មួយ​ព្រះ‌រាជា​ទៀត។

13 ទោះ​បី​មាន​កិត្តិយស​យ៉ាង​នេះ​ក្ដី ក៏​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដែរ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង»។

14 លោក​ស្រី​សេរែស ជា​ភរិយា ព្រម​ទាំង​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​របស់​លោក​ពោល​ថា៖ «ចូរ​ឲ្យ​គេ​ដំ​ឡើង​បង្គោល​មួយ កំពស់​ហា‌សិប​ហត្ថ ហើយ​ស្អែក លោក​ទូល​សូម​ព្រះ‌រាជា​ព្យួរ-ក​ម៉ាដេ‌កាយ​ទៅ។ ដូច្នេះ លោក​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ជា​មួយ​ព្រះ‌រាជា ដោយ​អំណរ​សប្បាយ»។ សំណើ​នេះ​ពេញ​ចិត្ត​លោក​ហាម៉ាន​ណាស់ លោក​ក៏​ឲ្យ​គេ​ដំ​ឡើង​បង្គោល។