នេហេ‌មា 12:39-45 KHSV

39 បន្ទាប់​មក យើង​ដើរ​កាត់​ខាង​លើ​ទ្វារ​អេប្រាអ៊ីម ទ្វារ​ចាស់ ទ្វារ​មច្ឆា ប៉ម​ហាណា‌នាល និង​ប៉ម​ហាមេ‌អា រហូត​ដល់​ទ្វារ​ចៀម ហើយ​ឈប់​នៅ​ត្រង់​ទ្វារ​នគរ‌បាល។

40 ក្រុម​ចម្រៀង​ទាំង​ពីរ​នាំ​គ្នា​ឈប់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ រីឯ​ខ្ញុំ និង​ពួក​អ្នក​គ្រប់‌គ្រង​ដែល​នៅ​ជា​មួយ ក៏​ឈប់​នៅ​ទី​នោះ

41 រួម​ទាំង​លោក​បូជា‌ចារ្យ​អេលា‌គីម ម៉ាសេ‌យ៉ា មិនយ៉ា‌មីន មីកា‌យ៉ា អេលី‌យ៉ូណាយ សាកា‌រី ហាណា‌នា ដែល​ជា​អ្នក​ផ្លុំ​ត្រែ

42 ហើយ​ក៏​មាន​លោក​ម៉ាសេ‌យ៉ា លោក​សេម៉ាយ៉ា លោក​អេ‌ឡា‌សារ លោក​អ៊ូស៊ី លោក​យ៉ូហាណាន លោក​ម៉ាល‌គា លោក​អេឡាំ និង​លោក​អេ‌ស៊ើរ។ ពេល​នោះ ក្រុម​ចម្រៀង​ក៏​បន្លឺ​សំឡេង​ច្រៀង ក្រោម​ការ​ដឹក​នាំ​របស់​លោក​អធិការ​យីស‌រ៉ាហ៊ា។

43 នៅ​ថ្ងៃ​នោះ ប្រជា‌ជន​ថ្វាយ​យញ្ញ‌បូជា​ជា​ច្រើន ហើយ​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​រីក‌រាយ ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ពួក​គេ​មាន​អំណរ​ដ៏​លើស‌លប់។ ចំណែក​ឯ​ស្ត្រី និង​ក្មេងៗ​វិញ ក៏​នាំ​គ្នា​សប្បាយ​រីក‌រាយ​ដែរ សម្រែក​ដ៏​សប្បាយ​របស់​ពួក​គេ​លាន់​ឮ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​យ៉ាង​ឆ្ងាយ។

44 នៅ​ថ្ងៃ​នោះ គេ​បាន​ចាត់​តាំង​មនុស្ស​ឲ្យ​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ភោគ‌ផល ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ជា​តង្វាយ​ផល​ដំបូង ឬ​តង្វាយ​មួយ​ភាគ​ដប់។ អ្នក​ទាំង​នោះ​មាន​ភារ‌កិច្ច​ប្រមូល​ភោគ‌ផល​ពី​ស្រែ​ចម្ការ​នៅ​ជុំ‌វិញ​ក្រុង​នានា ដែល​ជា​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ដ្បិត​ប្រជា‌ជន​នៅ​ស្រុក​យូដា​សប្បាយ​ចិត្ត ព្រោះ​ឃើញ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​បំពេញ​មុខ‌ងារ​របស់​ខ្លួន

45 គឺ​ប្រតិបត្តិ​តាម​អ្វីៗ​សព្វ​បែប​យ៉ាង​ដែល​ព្រះ​របស់​ខ្លួន​បង្គាប់ និង​ធ្វើ​ពិធី​ជម្រះ​ផ្សេងៗ។ រីឯ​ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ​ព្រះ‌ដំណាក់ ក៏​បំពេញ​មុខ‌ងារ​របស់​ខ្លួន ស្រប​តាម​បញ្ជា​ដែល​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ បាន​ចែង​ទុក។