13 ពួកបូជាចារ្យអើយ ចូរនាំគ្នាស្លៀកបាវហើយកាន់ទុក្ខទៅ!អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈចូរសោកសង្រេងទៅ!អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរមកថ្វាយព្រះរបស់អ្នករាល់គ្នានៅក្នុងព្រះដំណាក់ទៀតឡើយ។
14 ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈហើយប្រកាសពិធីបុណ្យដ៏ឱឡារិក។ចូរប្រមូលពួកព្រឹទ្ធាចារ្យ និងប្រជាជននៅក្នុងស្រុកទាំងមូលឲ្យមកជួបជុំគ្នាក្នុងដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាហើយស្រែកអង្វរសូមព្រះអង្គជួយទៅ!
15 ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ!ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយគឺជាថ្ងៃដែលព្រះដ៏ឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតយាងមកបំផ្លាញអ្វីៗទាំងអស់។
16 ពួកយើងឃើញម្ហូបអាហាររលាយបាត់ពីមុខពួកយើងហើយនៅក្នុងដំណាក់របស់ព្រះនៃយើងក៏លែងមានអំណរ និងការសប្បាយរីករាយទៀតដែរ។
17 គ្រាប់ពូជនៅក្នុងដីក្រៀមស្ងួតអស់ជង្រុកស្រូវនៅទទេឃ្លាំងទុកភោគផលខូចខាតអស់ដ្បិតគ្មានស្រូវនៅសល់ឡើយ។
18 ហ្វូងសត្វនាំគ្នាស្រែកថ្ងូរហ្វូងគោខ្ចាត់ព្រាត់ទៅគ្រប់ទីកន្លែងព្រោះគ្មានស្មៅស៊ីសូម្បីតែហ្វូងចៀមក៏រីងរៃទៅៗដែរ។
19 ព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គដ្បិតភ្លើងឆេះកម្ទេចវាលស្មៅអណ្ដាតភ្លើងឆាបឆេះដើមឈើទាំងប៉ុន្មាននៅតាមចម្ការ។