18 ព្រះអម្ចាស់មានព្រះហឫទ័យស្រឡាញ់ស្រុករបស់ព្រះអង្គខ្លាំងណាស់ព្រះអង្គអាណិតអាសូរប្រជាជនរបស់ព្រះអង្គ។
19 ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ពួកគេព្រះអង្គមានព្រះបន្ទូលមកពួកគេថា:«មើល៍!យើងនឹងផ្ដល់ស្រូវ ស្រាទំពាំងបាយជូរថ្មីនិងប្រេងឲ្យអ្នករាល់គ្នាអ្នករាល់គ្នានឹងបានសម្បូណ៌ហូរហៀរយើងនឹងមិនប្រគល់អ្នករាល់គ្នាទៅឲ្យប្រជាជាតិដទៃប្រមាថមាក់ងាយឡើយ។
20 យើងបណ្ដេញខ្មាំងសត្រូវដែលមកពីស្រុកខាងជើងឲ្យចេញឆ្ងាយពីអ្នករាល់គ្នាយើងនឹងកំចាត់ពួកគេឲ្យទៅនៅវាលរហោស្ថានដ៏ស្ងួតហួតហែង។យើងនឹងបោះជួរទ័ពរបស់គេដែលនៅខាងមុខទៅក្នុងសមុទ្រខាងកើតហើយជួរទ័ពដែលនៅខាងក្រោយទៅក្នុងសមុទ្រខាងលិច។សាកសពរបស់ពួកគេនឹងចោលក្លិនអសោចក្លិនគំរង់របស់ពួកគេក៏សាយឡើងដែរដ្បិតពួកគេបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃបំផុត»។
21 ទឹកដីអើយ ចូរកុំភ័យបារម្ភអ្វីចូរត្រេកអរសប្បាយរីករាយឡើងដ្បិតព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យបំផុត!
22 សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វីដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញដើមឈើនឹងមានផ្លែហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរក៏បង្កើតភោគផលឡើងវិញដែរ។
23 អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយចូរអរសប្បាយរីករាយឡើងដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ!ព្រះអង្គបង្អុរភ្លៀងមកឲ្យអ្នករាល់គ្នាតាំងពីដើមរដូវរហូតដល់ចុងរដូវដូចកាលពីមុនដែរ។
24 លានបោកស្រូវនឹងមានពោរពេញដោយស្រូវឡើងវិញហើយពាងក៏មានស្រាទំពាំងបាយជូរថ្មីនិងប្រេង ពេញហូរហៀរឡើងវិញដែរ។