20 យើងបណ្ដេញខ្មាំងសត្រូវដែលមកពីស្រុកខាងជើងឲ្យចេញឆ្ងាយពីអ្នករាល់គ្នាយើងនឹងកំចាត់ពួកគេឲ្យទៅនៅវាលរហោស្ថានដ៏ស្ងួតហួតហែង។យើងនឹងបោះជួរទ័ពរបស់គេដែលនៅខាងមុខទៅក្នុងសមុទ្រខាងកើតហើយជួរទ័ពដែលនៅខាងក្រោយទៅក្នុងសមុទ្រខាងលិច។សាកសពរបស់ពួកគេនឹងចោលក្លិនអសោចក្លិនគំរង់របស់ពួកគេក៏សាយឡើងដែរដ្បិតពួកគេបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃបំផុត»។
21 ទឹកដីអើយ ចូរកុំភ័យបារម្ភអ្វីចូរត្រេកអរសប្បាយរីករាយឡើងដ្បិតព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យបំផុត!
22 សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វីដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញដើមឈើនឹងមានផ្លែហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរក៏បង្កើតភោគផលឡើងវិញដែរ។
23 អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយចូរអរសប្បាយរីករាយឡើងដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ!ព្រះអង្គបង្អុរភ្លៀងមកឲ្យអ្នករាល់គ្នាតាំងពីដើមរដូវរហូតដល់ចុងរដូវដូចកាលពីមុនដែរ។
24 លានបោកស្រូវនឹងមានពោរពេញដោយស្រូវឡើងវិញហើយពាងក៏មានស្រាទំពាំងបាយជូរថ្មីនិងប្រេង ពេញហូរហៀរឡើងវិញដែរ។
25 រីឯភោគផលរបស់អ្នករាល់គ្នាខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលយើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រាដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិនយើងនឹងសងអ្នករាល់គ្នាវិញ។
26 អ្នករាល់គ្នានឹងមានអាហារបរិភោគយ៉ាងឆ្អែតបរិបូណ៌រួចអ្នករាល់គ្នាលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាព្រោះព្រះអង្គបានធ្វើការអស្ចារ្យសម្រាប់អ្នករាល់គ្នា។ពេលនោះ ប្រជារាស្ត្ររបស់យើងនឹងលែងអាម៉ាស់មុខទៀតហើយ។